ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ការរីករាលដាលនៃជំងឺកូវីដនៅក្នុងសហគមន៍បានបន្តរហូតដល់៤ខេត្តក្រុង ដែលក្នុងនោះរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តព្រៃវែង ដែលមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ កំពុងត្រូវបានមន្ត្រីសុខាភិបាលធ្វើការពិនិត្យយកសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថាចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមាន៤០នាក់ ដោយក្នុងនោះ៣៨នាក់ជាអ្នកឆ្លងក្នុងសហគមន៍ក្នុងរាជធានីភ្នំពេញ ដោយឡែក២នាក់ទៀតបានធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ (ម្នាក់ចេញថ្ងៃទី១៦ ហើយម្នាក់ទៀតចេញថ្ងៃទី២០ ខែកុម្ភៈ) ។
ពាក់ព័ន្ធទៅនឹងករណីចម្លងនៅក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ គិតរហូតមកដល់ព្រឹកថ្ងៃដដែលនេះមានចំនួនរហូតដល់១៣៧នាក់ ខណៈដែលអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យតាមដាន និងធ្វើចត្តាឡីស័កយ៉ាងហ្មត់ចត់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។
សម្រាប់ទីតាំងដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈមានចំនួន៤៧ទីតាំងអាជីវកម្មក្នុងរាជធានីភ្នំពេញដែលត្រូវបានផ្អាកបណ្តោះអាសន្ន។ ដោយឡែកនៅក្នុងក្រុងព្រះសីហនុ ដែលទើបពិនិត្យឃើញមានវិជ្ជមានចំនួន២ករណីទៅលើស្ត្រីជាជនជាតិចិនក៏ត្រូវបានរដ្ឋបាលខេត្តសហការជាមួយមន្ត្រីជំនាញសុខាភិបាលធ្វើការបិតទីតាំងចំនួន៥ទីតាំងដែលពាក់ព័ន្ធរួមមាន សណ្ឋាគារ ហ័ងហ្គ័នជាយឺ សណ្ឋាគារ ជីនប៉ី (ចំនួន៣សាខា) ដែលស្ត្រីជនជាតិចិនទាំង២នាក់បានស្នាក់នៅ និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ី៕