ភ្នំពេញ៖ លោកជំទាវវេជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ការចាក់សាំងគឺជាដំណោះស្រាយចំពោះមុខហើយ ប៉ុន្តែបន្ទាប់ពីចាក់រួចហើយ គឺត្រូវតែបន្តអនុវត្តវិធានការ ០៣ការពារ-០៣កុំ ទើបជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងបរិបទនៃការរីករាលដាលវីរុសកូវីដ-១៩។
លោកជំទាវ បានបញ្ជាក់បន្ថែមថា ៖ «សូមកុំភ្លេចថា បច្ចុប្បន្ននេះ កម្ពុជាស្ថិតនៅក្នុងស្ថានភាពនៃការចម្លងជាចង្កោមៗ ហើយរាយប៉ាយតាមកន្លែងនីមួយៗ ហេីយវ៉ាក់សាំងកូវីដ-១៩ តែមួយមុខ គឺមិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ និងឆ្លេីយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ នោះឡេីយ។ ការវ៉ៃឈ្នះកូវីដ-១៩ នៅពេលនេះ មិនមែនរំពឹងលេីតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះទេ ដោយត្រូវបន្តអនុវត្តវិធានការរួមគ្នា រួមមាន «៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩» ដែលស្មើនឹងបង្កេីតបាននូវកងការពារដ៏រឹងមាំសម្រាប់បុគ្គល ក្នុងការការពារពីភាពធ្ងន់ធ្ងរសុខភាពដែលអាចកេីតមានឡេីងពីការវ៉ៃលុករបស់វីរុសកូវីដ-១៩ និងកាត់បន្ថយបាននូវបន្ទុកចូលសម្រាកពេទ្យផង និងកាត់បន្ថយបានជាអតិប្បរិមានូវការកេីតជំងឺនេះក្នុងសហគមន៍ផង»។
ក្នុងឱកាសនោះ លោកជំទាវបានបន្ថែមថា ការចាក់វ៉ាក់សាំង ក៏កំពុងតែធ្វេីជាបន្តបន្ទាប់ គឺអាស្រ័យលេីចំនួនវ៉ាក់សាំងដែលមានបច្ចុប្បន្ន រួមផ្សំគ្នាជាមួយនឹងការអនុវត្តវិធានការ ៣ការពារ និង ៣កុំ ដេីម្បីឆ្លេីយតបនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ។ ហើយសូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធានការខាងលេី ទោះជាមិនទាន់ដល់វេនចាក់វ៉ាក់សាំងក៏ដោយ ព្រោះក៏មិនត្រូវរងចាំតែវ៉ាក់សាំង ហេីយភ្លេចខ្លួន ឬមិនបានអនុវត្តវិធានការការពារខ្លួន ៣ការពារ និង ៣កុំ នោះឡេីយ។
ជារួមគឺមានតែវិធានការ ៣ការពារ និង ៣កុំ ដែលជួយបងប្អូនប្រជាពលរដ្ឋ បានរួចផុតពីការចម្លងវីរុសកូវីដ-១៩ ហេីយនៅពេលដល់វេនចាក់វ៉ាក់សាំង សូមស្ម័គ្រចិត្តទៅចាក់ ដេីម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារខ្លួន និងសុខភាពសហគមន៍របស់ខ្លួនផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន