ហុងកុង ៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថាក្រុមហ៊ុនចិនជាច្រើនបានផ្អាកជាបណ្ដោះអាសន្ន នូវផែនការចុះបញ្ជីទៅក្នុងផ្សារហ៊ុនរបស់អាមេរិក ខណៈភាពតានតឹងនៃទំនាក់ទំនង រវាងមហាអំណាចទាំងពីរ នៅតែមិនទាន់មានភាពធូរស្រាល ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន ។
លោកនាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ការសម្រេចចិត្តផ្អាកការចុះបញ្ជីផ្សារភាគហ៊ុន នេះកើតមានឡើង ដោយសារតែសហរដ្ឋអាមេរិកបានលើកឡើងនូវ សេចក្ដីព្រាងច្បាប់មួយ ដែលអាចនឹងបង្កការលំបាកដល់ក្រុមហ៊ុនចិន ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅលើទឹកដីអាមេរិក និងបន្ទាប់ពីផ្ទុះឡើងនូវរឿងអាស្រូវហិរញ្ញវត្ថុមួយ នៅក្នុងក្រុមហ៊ុនចិនឡាក់ឃីនខូហ្វី (Luckin Coffee) ដែលជាគូប្រជែងដ៏ធំមួយរបស់ក្រុមហ៊ុន Starbucks ដែលធ្វើឱ្យប្រទេសរបស់ខ្លួនកាន់តែក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំងចំពោះវិធានការរបស់អាមេរិក ហាក់ដូចជាចង់បំបាក់ប្រទេសចិនដូច្នេះដែរ ។
លោកនាយករដ្ឋមន្រ្ដី បានបន្ថែមទៀតថា បើសិនជាប្រទេសអាមេរិកនៅតែបន្ដរារាំងប្រទេរសចិនទៀត ឬមានបំណងណាមួយមកលើប្រទេសខ្លួន គឺចិនមិននៅស្ងៀមនោះទេ ហើយចិន និងចាក់វិធានទប់ទល់ជាមួយអាមេរិក ព្រោះអាមេរិកបានធ្វើឱ្យប្រទេសរបស់ខ្លួនខាតបង់យ៉ាងធ្ងន់ធ្ងរ ម្ដងហើយម្ដងទៀត។
ទន្ទឹមនឹងនេះ លោក ស្ទេហ្វិន ចាន់ (Stephen Chan) មកពីក្រុមហ៊ុនច្បាប់ ដេឆឺត (Dechert LLP) ក្នុងទីក្រុងហុងកុងបាន បញ្ជាក់ថា «យើងបានឃើញអតិថិជនជាច្រើនបាន ផ្អាកគម្រោងចុះបញ្ជីរបស់ពួកគេ នៅក្នុងផ្សារហ៊ុនអាមេរិក ដោយសារតែទំនាក់ទំនងមិនល្អរវាងចិន និងសហរដ្ឋអាមេរិក… ហើយបើភាពតានតឹងរវាងមហាអំណាចទាំង ២ នៅតែបន្តកើតមាន នោះការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ចបែបនេះ ក៏នៅបន្តដូចគ្នា»។
គួរជម្រាបដែរថា បើតាមទិន្នន័យក្រុមហ៊ុនឌាឡូជីក (Dealogic) ក្រុមហ៊ុនចិនមួយក្រុម បានប្រមូលប្រាក់បាន ១.៦៧ពាន់លានដុល្លារអាមេរិក តាមរយៈការលក់ភាគហ៊ុននៅក្នុងទីក្រុងញូយ៉ក នៅក្នុងឆ្នាំ២០២០នេះ ខណៈកាលពីឆ្នាំ២០១៩ ពួកគេប្រមូលបាន ៣.៥ពាន់លានដុល្លារ៕
អត្ថបទដោយ៖ ស្រេង ចំរើន
ប្រភព៖ Xinhua