ចិន៖ នៅវេលាម៉ោង ២:៣១នាទីទាបភ្លឺថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ប្រទេសចិនបានទទួលជោគជ័យក្នុងការបាញ់បង្ហោះ ផ្កាយរណបអង្កេតមហាសមុទ្រមួយគ្រឿង ដែលមានឈ្មោះសម្គាល់ថា Ocean One D ដើម្បីធ្វើការអង្កេតលើមហាសមុទ្រ និងជួយសម្រួលដល់នាវាចរលើដែនសមុទ្រ។
ផ្កាយរណប Ocean One D គឺជាផ្កាយរណបដែលត្រូវបានបង្កើតនិងផលិតដោយក្រុមហ៊ុន Aerospace Science and Technology Group Co., Ltd ក្នុងគោលបំណងបង្កើតបណ្តាញផ្កាយរណប សម្រាប់សម្រួលដល់ការធ្វើនាវាចរនៅតាមដែនសមុទ្រ។ Ocean One D នឹងត្រូវដាក់ឱ្យធ្វើប្រតិបត្តិការរួមជាមួយ ផ្កាយរណបមួយទៀតឈ្មោះ HY-1C ដែលត្រូវបានបាញ់បង្ហោះ កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។
គួរបញ្ជាក់ដែរថា តាមរដ្ឋបាលអវកាសជាតិចិន (CNSA) ឱ្យដឹងទៀតថា បណ្តាញផ្កាយរណបខាងលើនេះ មិនត្រឹមតែសម្រាប់សម្រួលដល់ផ្នែកនាវាចរប៉ុណ្ណោះទេ តែវាក៏នឹងធ្វើការសិក្សាលម្អិត ទៅលើស្ថានភាពប្រែពណ៌នៃមហាសមុទ្រ, ធនធានធម្មជាតិក្នុងសមុទ្រ ការពារគ្រោះមហន្តរាយសមុទ្រ និងបរិស្ថានអេកូឡូស៊ីជាដើម។ បន្ថែមពីនេះចង្កោមផ្កាយរណប Ocean របស់ចិននឹងជួយដល់ការសិក្សាអំពីបញ្ហាបម្រែបម្រួល នៃអាកាសធាតុភពផែនដីផងដែរ៕
អត្ថបទដោយ៖ ស្រេង ចំរើន
ប្រភព៖ Xinhua