អាមេរិក៖ នៅរសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ក្រុមមន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងតែបើកកិច្ចប្រជុំមួយក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស ដើម្បីពិភាក្សាពីអនាគតសន្ធិសញ្ញា គ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ដែលនឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២១។
យោងតាមមន្រ្ដីជាន់ខ្ពស់របស់សហរដ្ឋមេរិកបានឱ្យដឹងថា យើងមានក្ដីសង្ឃឹមតិចតួចណាស់ ដែលមហាអំណាចទាំង ២ អាចឈានដល់កិច្ចព្រមព្រៀងលើការចុះសិន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ណាមួយនោះទេ ហើយពេលនេះពួកយើងកំពុងតែមានក្ដីបារម្ភអំពីរឿងនេះ ថាតើពិភពលោកនឹងទៅជាយ៉ាងណា បើគ្មានសញ្ញាវិជ្ជមានណាមួយសោះ?
លោក ដាល ឃីមបល (Daryl Kimball) នាយកសមាគមគ្រប់គ្រងអាវុធដែលហៅកាត់ថា (Arms Control Association) មានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថា យើងមានក្ដីសង្ឃឹមតិចតួចណាស់ ដែលសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី អាចឈានដល់កិច្ចព្រមព្រៀងជាថ្មីណាមួយ ព្រោះតែមូលហេតុដោយសារតែចិន ។
លោក Daryl Kimball បានបន្ថែមទៀតថា «ការសន្និដ្ឋានមួយ ដែលខ្ញុំអាចធ្វើបាននៅពេលនេះគឺ… រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមិនបន្តសុពលភាពលើសន្ធិសញ្ញា New STARTនោះទេ បើសិនជាចិនមិនព្រមចូលរួម ហើយអាមេរិកអាចនឹងប្រើប្រាស់ ការព្រងើយកន្ដើយរបស់ចិន ជាលេសទុកឱ្យសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរនេះ អស់សុពលភាពដោយខ្លួនឯង»។
ដូចគ្នានេះផងដែរ លោក ដូណាល់ ត្រាំ ធ្លាប់អះអាងជាច្រើនដងថា សន្ធិសញ្ញា New START បានផ្ដល់ឱកាសឱ្យចិន សម្ងំបង្កើនការអភិវឌ្ឍសមត្ថភាពមីស៊ីលរបស់ខ្លួន ខណៈអាមេរិក និងរុស្ស៊ី កំពុងជាប់បម្រាមនៅក្រោមសន្ធិសញ្ញានេះ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ក៏បានអំពាវនាវឱ្យចិន ចូលរួមក្នុងសន្ធិសញ្ញាអាវុធត្រីភាគីថ្មីផងដែរ តែចិនបែជាបដិសេធទៅវិញ។
គួរជម្រាបដែរថា សន្ធិសញ្ញា New START ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី មានគោលដៅដាក់កំហិតលើការដាក់ពង្រាយ អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ មិនឱ្យលើស ១,៥៥០គ្រាប់រៀងៗខ្លួនរវាងប្រទេសទាំង ២ ហើយសន្ធិសញ្ញានេះនឹងត្រូវអស់សុពលភាព នៅខែកុម្ភៈ ឆ្នាំ២០២១៕
អត្ថបទដោយ៖ ស្រេង ចំរើន
ប្រភព៖ CNA