អាហ្រ្វិក៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត សាអាឌីក ការៀម (Saadiq Kariem) ប្រធានប្រតិបត្តិការ នៃមន្ទីរសុខាភិបាលអាហ្វ្រិកខាងត្បូង បានឱ្យដឹងថា ក្រុមជំនាញខាងមន្ទីរសុខាភិបាលអាហ្រ្វិកខាងត្បូង កំពុងតែរៀបចំបំពាក់ទូរកុងតឺនឺជាច្រើនគ្រឿង សម្រាប់ត្រៀមតម្កល់សាកសពនៃអ្នកជំងឺ(COVID-19) ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំណុចកំពូល នារយៈពេលដ៏ខ្លីខាងមុខនេះ។
ដូចគ្នានេះដែរ អាជ្ញាធរអាហ្វ្រិកខាងត្បូងបានចេញសេចក្ដីប្រកាសឱ្យដឹងថា « ព្រោះតែយើងគ្មានដីសល់សម្រាប់តម្ដល់អ្នកស្លាប់នៃមេរោគ COVID-19 ទៀតនោះទេ ទើបយើងសម្រេចចិត្តធ្វើបែបនេះ ហើយកន្លែងបណ្តោះអាសន្នដែលត្រៀមសម្រាប់ទុកដាក់សាកសពអ្នកជំងឺ(COVID-19) ទាំងនោះ ត្រូវសាងសងនៅជិតមន្ទីរពេទ្យមួយ ស្ថិតក្នុងខេត្តខេបខាងលិច (Western Cape) ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងខ្លាំងនៃមេរោគ(COVID-19) នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង»។
គួរបញ្ជាក់ដែរថា ក្រៅពីកន្លែងស្តុកទុកសាកសពនៃអ្នកជំងឺ(COVID-19) អាជ្ញាធរហ្រ្វិកខាងត្បូង ក៏បានគេរាយការណ៍ថា ខ្លួនកំពុងត្រៀមរៀបចំកន្លែងបញ្ចុះសពប្រមាណ ៩,០០០កន្លែងផងដែរ សម្រាប់អ្នកជំងឺ COVID-19។ រហូតមកទល់ពេលនេះ ប្រទេសអាហ្វ្រិកខាងត្បូង បានកត់ត្រាករណីឆ្លងសរុបចំនួនជាង ១១ម៉ឺននាក់ ដោយក្នុងនោះខេត្តខេបភាគខាងលិច (Western Cape) ជាអ្នករ៉ាប់រ៉ងជាងពាក់កណ្តាលតែឯង។ ចំណែកឯករណីអ្នកស្លាប់វិញ សរុបមានចំនួនជាង ៥ពាន់នាក់នៅទូទាំងប្រទេសខាងអាហ្រ្វិកខាងត្បូង៕
អត្ថបទដោយ៖ ស្រេង ចំរើន
ប្រភព៖ ស៊ីន ហួន