អង់គ្លេស៖ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ លោក បេណេឌីច ម៉ៃខឺល (Benedict Michael) មកពីសាកលវិទ្យាល័យលីវើភូល (Liverpool University) បានឱ្យដឹងថា ការសិក្សាបឋមមួយ នៅក្នុងចក្រភពអង់គ្លេសបានរកឃើញថា (COVID-19) បានបំផ្លាញដល់ប្រព័ន្ធខួរក្បាលរបស់អ្នកជំងឺ ក្នុងនោះរួមមានការដាច់សរសៃឈាមខួរក្បាល, រលាកស្រោមខួរក្បាល, បញ្ហាផ្លូវចិត្ត និងធ្វើឱ្យវង្វេងស្មារតីជាដើម ហើយនៅមានករណីធ្ងន់ធ្ងរមួយចំនួនទៀត ។
លោក បេណេឌីច ម៉ៃខឺល សហប្រធានក្រុមស្រាវជ្រាវ នៃសាកលវិទ្យាល័យលីវើភូល (Liverpool University) បានឱ្យដឹងថា បន្ទាប់ពីការអង្កេត និងតាមដានលើអ្នកជំងឺ (COVID-19) ចំនួន ១២៥នាក់ នៅទូទាំងចក្រភពអង់គ្លេសយើងរកឃើញថាមានអ្នកជំងឺ ៧៧នាក់ក្នុងចំណោម ១២៥នាក់ មានបញ្ហាខួរក្បាល ហើយក្នុងចំណោមអ្នកជំងឺទាំង ៧៧នាក់ទៀត ភាគច្រើនគឺជាមនុស្សមានអាយុច្រើនជាង ៦០ឆ្នាំ ដែលមានឈាមកកក្នុងខួរក្បាល ឬគេស្គាល់ថា ជំងឺដាច់សរសៃឈាមខួរក្បាល (ischaemic stroke)។
គួរបញ្ជក់ដែរថា អ្នកជំងឺ ៣៩នាក់ ក្នុងចំណោម ១២៥នាក់មានរោគសញ្ញាផ្លូវចិត្ត ដូចជារលាកខួរក្បាល និងវង្វេងស្មារតីជាដើម។ តែទោះជាយ៉ាងនេះក្ដី លោក បេណេឌីច ម៉ៃខឺល បានបញ្ជាក់ថា វានៅត្រូវការសិក្សាទ្រង់ទ្រាយធំបន្ថែមទៀត ដើម្បីកំណត់ឱ្យច្បាស់ពីមូលហេតុនៅពីក្រោយ បញ្ហាខួរក្បាលទំាងនេះ និងស្វែងរកវិធីសាស្ត្រព្យាបាល៕
អត្ថបទដោយ៖ ស្រេង ចំរើន
ប្រភព៖ CNA