គិតមកដល់ថ្ងៃនេះ ចំនួនអ្នកផ្ទុកមេរោគកូវីដ-១៩ ទូទាំងពិភពលោកបានកើតឡើងដល់ ៦៨,១៤លាននាក់។ ដោយឡែកកាលពីថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០មាន ជាង៦៣ម៉ឺននាក់ បានឆ្លងថ្មី និងអ្នកស្លាប់មាន ១,១១៤៨នាក់។ ធ្វើឲ្យចំនួនអ្នកសរុបដោយសារតែជំងឺនេះបានលោតដល់ចំនួន ១,៥៥លាននាក់។
សម្រាប់សហរដ្ឋអាមេរិក ដែលមហាអំណាចរគួរឲ្យបារម្ភជាងគេ មានអ្នកឆ្លងសរុបចំនួន ១៥,១៥លាននាក់ បើគិតមកដល់ថ្ងៃនេះ ហើយចំនួនអ្នកឆ្លងថ្មីនៅថ្ងៃចន្ទ ទី៧ ខែធ្នូ មានរហូតដល់ជាង២០មុឺននាក់ ហើយចំនួនអ្នកស្លាប់គឺ ជាង១៥០០នាក់ ពោលគិតដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារតែកូវីដ ១៩ នៅសហរដ្ឋអាមេរិក គឺជាង ២៨៦,១០០នាក់ រីឯអ្នកកំពុងសម្រាកពេទ្យមានចំនួន ១០៤,៦០០នាក់។
សហរដ្ឋអាមេរិកដដែល មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតបានឆ្លង COVID-19 គឺលោកស្រី Jenna Ellis ទីប្រឹក្សាច្បាប់ជាន់ខ្ពស់របស់ប្រធានាធិបតីលោកដូណាល់ត្រាំ ហើយក៏ជាសមាជិកនៃក្រុមប្ដឹងតវ៉ាលទ្ធផលឆ្នោត ២០២០នេះ។
យើងក្រឡែកទៅអឺរុបវិញ អង់គ្លេសជាប្រទេសដំបូងគេបង្អស់ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង ហើយអ្នកស្ម័គ្រចិត្តទទួលចាក់វ៉ាក់សាំងដំបូងគេគឺស្ត្រីអាយុ ៩០ឆ្នាំមិនបញ្ចេញឈ្មោះ និងអ្នកទីពីរគឺលោក William Shakespeare ដែលមានអាយុ៨១។
យ៉ាងណាក្តីលទ្ធផលចុងក្រោយរបស់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca មានសុវត្ថិភាព និងប្រសិទ្ធភាពជាមធ្យម ៧០,៤% តែ FDA កំណត់យកត្រឹមតែ ៥០%ប៉ុណ្ណោះ។
រឿងចំលែកមួយបានកើតឡើងនៅប្រទេស អេស្ប៉ាញ សត្វតោ ចំនួនបួនក្បាល នៅសួនសត្វក្រុងបាសេឡូណា ត្រូវបានគេរកឃើញថាបានឆ្លងវិរុសកូវិដដែលជាករណីដំបូងមានការចម្លងពីសមនុស្សទៅសត្វ ហើយនេះក៏ជាកត្តាបង្កហានិភ័យចម្លងជំងឺ កូវិដ ១៩ នេះ ផងដែរ ។
មហាអំណាចអឺរ៉ុបមួយទៀត ក៏មានចំនួនអ្នកឆ្លងច្រើនគួរឲ្យកក់សំគាល់ផងដែរ គឺប្រទេសបារាំង រហូតដល់ថ្ងៃនេះ សរុបមានជាង ១៣,០០០នាក់ បានរកឃើញថាមានផ្ទុកមេរោគកូវីដ១៩ ប៉ុន្តែអ្នកដែលធ្លាក់ក្នុងដំណាក់កាលត្រូវសង្គ្រោះបន្ទាន់មានថតចុះ នៅតែ ៣,០៧៨ នាក់ប៉ុណ្ណោះ។
ត្រឡប់មកអាស៊ីវិញ ប្រទេសមួយចំនួនបានចាប់ផ្ដើមធ្វើការស្ដារសេដ្ឋកិច្ចវិញ ក្នុងនោះមានប្រទេសជប៉ុន ប្រទេសនេះបានអនុម័តថវិកាចំនួន ៧០៨ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចនៅពេលដែល កូវីដ១៩ ស្ងប់ស្ងាត់ទៅវិញ។
អត្ថបទ៖ ម៉ីស៊ិន