(ភ្នំពេញ)៖ គិតត្រឹមម៉ោង១៖០២នាទីឆ្លងចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ក្រុមគ្រូពេទ្យបានបង្ហាញលទ្ធផលធ្វើតេស្ត រកឃើញ៤ករណីទៀត វិជ្ជមានកូវីដ ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលរស់នៅជាមួយគ្នានៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ក្រៅពីអគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ ដែលត្រូវជាប្តីរបស់ស្រ្តីមានផ្ទុកមេរោគកូវីដ១៩ នៅពេលនេះថែម៤ករណីទៀត សរុប៦នាក់ហើយពាក់ព័ន្ធថ្មីនេះ។ មន្ទីរពិសោធន៍បាននឹងកំពុងធ្វើតេស្តជាប់រហូត និងបង្ហាញលទ្ធផលបន្តបន្ទាប់។
លោកស្រីរដ្ឋលេខាធិការ បានបន្ថែមថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ក្រុមគ្រូពេទ្យដាក់ពង្រាយ៥ក្រុម នៅផ្សារអ៉ីអន ក្រសួងមហាផ្ទៃ ពន្ធនាគារព្រៃស និងនៅខេត្តសៀមរាប ព្រមទាំងស្វែងរកអ្នកជាប់ពាក់ព័ន្ធ។
ក្រោយពីទទួលបានព័ត៌មានថា ក្រសួងសុខាភិបាលរកឃើញមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ជាករណីធ្ងន់ធ្ងរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវហាមឃាត់កូនចៅរបស់ខ្លួនកុំចេញក្រៅផ្ទះ និងហាមកុំទៅតំបន់ដែលមានករណីវិជ្ជមានកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុំការអធ្យាស្រ័យចំពោះការបិទផ្សារទំនើបអ៉ីអនទី១។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពី គ្រូពេទ្យឱ្យបានឆាប់។ សម្តេចតេជោ ក៏បានស្នើសុំកុំឱ្យមានការប្រមូលផ្តុំណាមួយ៕
ដោយ៖ សម្បតិ្ត