មនុស្សជាច្រើនជួបប្រទះនឹងផល់វិបាកក្នុងការសរសេរជាភាសាអង់គ្លេស ហើយវាហាក់ដូចជាបញ្ហាប្រឈម ដែលមនុស្សភាគច្រើនកំពុងស្វែងរកដំណោះស្រាយ។ កុំបារម្ភអី ខាងក្រោមនេះគឺជាជំហ៊ានងាយៗមួយចំនួន ដែលអ្នកអាចយកទៅអនុវត្ត ដើម្បីកែសំរួលការសរសេរភាសាអង់គ្លេសរបស់អ្នកអោយកាន់តែប្រសើរឡើង និងធ្វើអោយមនុស្សផ្សេងទៀតចាប់អារម្មណ៍ ជាមួយនឹងជំនាញសរសេររបស់អ្នក។
ដើម្បីសរសេរប្រយោគមួយអោយបានច្បាស់លាស់ និងត្រឹមត្រូវអ្នកចាំបាច់ត្រូវស្គាល់ពាក្យអោយបានច្រើន និងដឹងពីវិធីប្រើប្រាស់វាអោយបានត្រឹមត្រូវផងដែរ។ ធ្វើវាដោយរៀនពាក្យថ្មីជាមួយប្រយោគ ឧទាហរណ៍មិនមែនដឹងត្រឹមតែអត្ថន័យរបស់ពាក្យប៉ុណ្ណោះទេ។
គន្លឹះ៖ នៅពេលអ្នករៀនពាក្យថ្មីចូរព្យាយាមរៀនគ្រប់ទម្រង់នៃពាក្យនោះនិងធ្នាក់ដែលតែងប្រើជាមួយវា។ (ឧទាហរណ៍ជាជាងគ្រាន់តែស្គាល់ពាក្យថា “Depend” “ ពឹងផ្អែក” ត្រូវធ្វើកំណត់ចំណាំនៃការប្រើប្រាស់៖ to depend on, to be dependent on, a dependent).
២. ពង្រឹងជំនាញប្រកបពាក្យជាភាសាអង់គ្លេសរបស់អ្នក
អ្នកត្រូវតែដឹងពីរបៀបប្រកបពាក្យទាំងនោះឱ្យបានត្រឹមត្រូវ។ អក្ខរាវិរុទ្ធមិនត្រឹមត្រូវផ្លាស់ប្តូរអត្ថន័យនៃប្រយោគរបស់អ្នក។ ឧទាហរណ៍ៈ ‘bare’ and ‘bear’ ស្តាប់ទៅដូចគ្នាតែ ‘bare’ មានន័យថាអាក្រាតហើយ ‘bear’ គឺជាសត្វខ្លាឃ្មុំ។ លើសពីនេះទៀតអក្ខរាវិរុទ្ធដែលមិនត្រឹមត្រូវធ្វើឱ្យអ្នកអានពិបាកយល់ពីអ្វីដែលអ្នកបានសរសេរ។
គន្លឺះ៖ អនុវត្តជំនាញប្រកបពាក្យរបស់អ្នកដោយប្រើFlash Card (កាតដែលមានសរសេរពាក្យ)ហើយសាកល្បងខ្លួនឯងនៅពេលណាដែលអ្នកទំនេរ។
៣. អានឱ្យបានទៀងទាត់
ជារឿយៗមនុស្សជាច្រើននិយាយថាយើងរៀនសរសេរបានល្អបំផុតគឺដោយសារការអាន។ ការអានជាភាសាអង់គ្លេសមានប្រយោជន៍ច្រើនយ៉ាង។ វាគឺជាវិធីដ៏ល្អមួយដើម្បីទទួលបានគំនិតនៃរចនាប័ទ្មផ្សេងៗគ្នាក្នុងការសរសេរនិងមើលរបៀបប្រើពាក្យអោយបានសមរម្យ។
គន្លឹះ៖ ជ្រើសរើសសៀវភៅឬអត្ថបទដែលមានប្រធានបទដែលអ្នកចាប់អារម្មណ៍។ អានអត្ថបទនីមួយៗឱ្យបានច្រើនដងដើម្បីប្រាកដថាអ្នកយល់ពីរបៀបប្រើពាក្យនិងអត្ថន័យដែលថ្មីនៅក្នុងអត្ថបទ។
៤. ពង្រឹងវេយ្យាករណ៍របស់អ្នក
វេយ្យាករណ៍មានសារៈសំខាន់ណាស់ព្រោះវាជួយបង្កើនគុណភាព នៃការសរសេររបស់អ្នក។គួរប្រើប្រាស់កាលដែលត្រឹមត្រូវ ហើយនិងចងចាំវិធីប្រើវណ្ណយុត្តិ(Punctuation such as full stop, comma and brackets)។ ការដាក់វណ្ណយុត្តិគឺជាវិធីល្អមួយដើម្បីធ្វើឱ្យការសរសេររបស់អ្នកច្បាស់និងត្រឹមត្រូវ។
គន្លឺះ៖ ក្រោយពីសរសេររួចគួរអានការសរសេររបស់អ្នកយ៉ាងតិចពីរដង។ លើកទី ១ រកមើលកំហុសទូទៅហើយលើកទី ២ រកកំហុសដែលមានចំណុចវេយ្យាករណ៍ជាក់លាក់ដែលអ្នកកំពុងសិក្សានៅពេលនេះ។
៥. ចាប់ផ្តើមធ្វើវា
ការសរសេរអាចជារឿងគួរឱ្យខ្លាច។ ទោះយ៉ាងណាក៏ដោយវិធីល្អបំផុត ដើម្បីធ្វើអោយការសរសេររបស់អ្នកមានភាពប្រសើរឡើងនោះគឺចាំកាន់ប៊ិចនិងក្រដាសឬអង្គុយនៅពីមុខកុំព្យូទ័ររបស់អ្នកហើយសរសេរ។ ត្រៀមខ្លួនដើម្បីសរសេរកំណែ ជាច្រើននៃអត្ថបទនីមួយៗ ពីព្រោះសូម្បីតែអ្នកនិពន្ធអាជីព ក៏សរសេរសេចក្តីព្រាងដំបូងមិន ដែលបានល្អឥតខ្ចោះនោះទេ។ សូមចាំថាមានតែការអនុវត្តន៍ទេ ដែលធ្វើឱ្យមានភាពប្រសើរឡើង។
ក្រោយពីអានអត្ថបទខាងលើរួចមក សង្ឃឹមថាមិត្តអ្នកអាននិងទទួលបានចំណេះដឹងបន្ថែមពីគន្លឹះក្នុង ការសរសេរភាសាអង់គ្លេសអោយបានល្អ និងកុំភ្លេចយកទៅអនុវត្តផងណា។
អត្ថបទ៖ ស៊ីណា