ក្រចេះ ៖ ក្រោមការចូលរួមចំណែកពីសំណាក់វិស័យឯកជនក្នុងការអនុវត្តនូវផែនការនៃអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់ប៉ែនឥសាននៃប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរក្នុងនាមជាគោលដៅទេសចរណ៍កម្រិតខ្ពស់ ខេត្តក្រចេះបានបង្ហាញពីគម្រោងកែច្នៃតំបន់ឆ្នេរកម្សាន្តដ៏ស្រស់ស្អាត និងទាក់ទាញលើកដំបូងប្រចាំខេត្តមួយនេះ។
តាមរយៈមន្ត្រីមន្ទីរទេសចរណ៍ខេត្តក្រចេះនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះបានឱ្យដឹងថា បានជួបជាមួយអ្នកគ្រប់គ្រងតំបន់រមណីយដ្ឋានថ្មី ឆ្នេរខ្សាច់វត្តវិហារសសរ១០០ ដើម្បីពិភាក្សាពិគ្រោះយោបល់លើកិច្ចដំណើរការរៀបចំរមណីយដ្ឋានថ្មីនេះឱ្យមានដំណើរការរលូន ដោយផ្តោតសំខាន់លើការសុំអាជ្ញាបណ្ណទេសចរណ៍ វិធានសុវត្ថិភាពទេសចរណ៍ ការគ្រប់គ្រងអនាម័យបរិស្ថាន ការកំណត់នូវទីតាំងសុវត្ថិភាព ការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ ការគ្រប់គ្រងលើតម្លៃសេវា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរមកកំសាន្តនាពេលខាងមុខឆាប់ៗនេះ។
ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា គម្រោងនៃការអភិវឌ្ឍន៍បង្កើតតំបន់ឆ្នេរកម្សាន្តបែបប្រណីតប្រចាំនៅក្នុងខេត្តក្រចេះគឺជារឿងល្អ និងសាទរ ដែលវាជាការបង្កើតនូវផលិតផលទេសចរណ៍ថ្មីពីលើអ្វីដែលមានស្រាប់ ក៏ដូចជាបង្កើននូវភាពទាក់ទាញផងដែរ។
លោកស្រីបានបញ្ជាក់ថា “ប្រសិនបើគម្រិងនជពិតជាត្រូវបានអនុវត្តយ៉ាងប្រាកដវាគឺជារឿងល្អសម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្ត ជាពិសេសផ្តោតសំខាន់ទៅលើអូកូទេសចរណ៍ដែលក្រសួងកំពុងយកចិត្តទុកដាក់ និងជំរុញឱ្យមានស្ទើរគ្រប់បណ្តាខេត្តដែលអាចមានលទ្ធភាពធ្វើទៅបាន”។
លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍បន្តថា “សម្រាប់ទីតាំងគម្រោងខាងលើនេះ គឺមានភាពស្រស់ស្អាតម្យ៉ាងម្នាក់ពីឆ្នេរសមុទ្រ ហើយប្រសិនគម្រោងអភិវឌ្ឍន៍ដូចដែលបានលើកខាងលើអាចសម្រេចទៅបាន វានឹងក្លាយជាតំបន់ឆ្នេរទន្លេទឹកសាបទេសចរណ៍ដ៏ទាក់ទាញ ព្រោះមនុស្សជាច្រើននៅពេលដែលនិយាយពីឆ្នេរតែងនឹកគិតដល់ឆ្នេរសមុទ្រ ប៉ុន្តែតំបន់ឆ្នេរទឹកសាបកម្រិតខ្ពស់នៅមិនទាន់មាននោះទេ។ ប៉ុន្តែទោះជាយ៉ាងណា សុំឱ្យគម្រោងអភិវឌ្ឍន៍យកចិត្តទុកដាក់ទៅលើការរក្សាបរិស្ថានស្អាត មានសុវត្ថិភាពខ្ពស់ ហើយធានាបានថាជាតំបន់ដែលមានសក្ដានុពលខ្ពស់យូរអង្វែង រួមជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ទៅលើការផ្តល់សេវាផងដែរ” ៕
ដោយ៖ បូ សល់