ហុងកុង (CNN Business) ៖ យោងតាមការចុះផ្សាយរបស់គេហទំព័ររបស់ CNN នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២១នេះ បានឱ្យដឹងថា ឆ្នាំនេះជាឆ្នាំដែលមានផលប៉ះពាល់អាក្រក់បំផុតចំពោះក្រុមហ៊ុន Alibaba ចាប់តាំងក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅជាង២ ទសវត្សរ៍មុន ។
ក្នុងពេលជាមួយគ្នានេះដែរ ក្រុងវាស៊ីនតុននៅតែជាគម្រាមកំហែងមួយរបស់Alibaba ផងដែរ ។ ខណៈពេលដែលរដ្ឋការរបស់លោកដូណាល់ ត្រាំបានបិទសំណើរហាមឃាត់ការវិនិយោគអាមេរិកនៅAlibaba និងក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗ២ផ្សេងទៀត ហើយគេមើលឃើញថា ភាពតានតឹងរវាងអាមេរិក និងចិនមិនទំនងជានឹងបានធូរស្រាលក្នុងពេលឆាប់ៗនេះឡើយ ។
រឹតតែគួរឱ្យបារម្ភទៅទៀតនោះ មនុស្សសំខាន់បំផុតរបស់ក្រុមហ៊ុន គឺសហស្ថានិក និងអតីតៈប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិរបស់Alibaba លោកJack MA មិនបានបង្ហាញខ្លួនជាសាធារណៈអស់ជាច្រើនខែមកហើយ ។
លោក Alex Capri បាននិយាយថា “ក្រុមហ៊ុនAlibaba ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗដទៃទៀតដែរ កំពុងតែស្ថិតនៅវិបត្តិដ៏ធំ ។”
លោកលើកឡើងទៀតថា ការគៀបសង្កត់ពីសំណាក់អាជ្ញាធរគឺជាកង្វល់ដ៏ធំមួយសម្រាប់Alibabaនិងដៃគូរបស់ខ្លួន ។
សារព័ត៌មានរដ្ឋចិន Xinhua បានចុះផ្សាយថា លោកប្រធានាធិបតីចិន Xi Jinping កំពុងតែជម្រុញឱ្យពួកមន្រ្តីក្រោមឱវាទយកចិត្តទុកដាក់ឃ្លាំមើលក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ។ កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ លោកបានហៅការព្យាយាមរឹតបន្តឹងប្រឆាំងនឹងការលក់អនឡាញផ្តាច់មុខជាគោលដៅដ៏សំខាន់បំផុតមួយសម្រាប់ឆ្នាំ ២០២១ ។
កាលពីថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុន e-commerce VIP Shop បានបញ្ជាក់ថា ខ្លួនក៏ត្រូវបានអាជ្ញាធរស៊ើបអង្កេតពីបទអនុវត្តន៍ការប្រកួតប្រជែងមិនស្មើភាពផងដែរ ។
គោលបំណងក្រុងប៉េកាំងក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនទៅលើក្រុមហ៊ុនបច្ចេកវិទ្យាឯកជនតាមពិតគឺលើសពីការស៊ើបអង្កេតទាំងននោះទៀត ។ ការបង្រ្កាបយ៉ាងរហ័សទៅលើក្រុមហ៊ុនទាំងនេះបញ្ជាក់ឱ្យឃើញថារដ្ឋាភិបាលចិនបានរៀបចំផែនការបង្រ្កាបនេះទុកជាយូរមកហើយ ។ លោក Capri បានចង្អុលបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្លះត្រូវបានបង្ខំចិត្តរួមចញ្ចូលជាមួយក្រុមហ៊ុនរដ្ឋ ដូចជាករណីAlipay របស់ក្រុមហ៊ុនAnt Groupចាប់ដៃគូក្រុមហ៊ុនUnionPay របស់រដ្ឋដើម្បីអភិវត្តបច្ចេកវិទ្យាថ្មីមួយទៀត ។
ដោយ៖ បូ សល់