យោងតាមការចេញផ្សាយឱ្យដឹងពីសារព័ត៌មានបរទេស South China Morning Post បានឱ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យាដ៏ល្បីឈ្មោះរបស់ប្រទេសចិន ត្រូវបានបាត់មុខជាសាធារណៈអស់រយៈពេលប្រមាណជាងពីរខែមកហើយបន្ទាប់ពីលោកបានថ្លែងសុន្ទរកថាដ៏ចម្រូងចម្រាសមួយដែលរិះគន់ដល់និយតករចិន និងប្រព័ន្ធធនាគារដែលគ្រប់គ្រងដោយរដ្ឋនៅទីក្រុងសៀងហៃកាលពីខែតុលា ឆ្នាំ២០២០។

ជាក់ស្ដែងលោក ជែក ម៉ា មិនបានបង្ហាញមុខនៅក្នុងវគ្គចុងក្រោយនៅក្នុងកម្មវិធីមួយឈ្មោះថា Africa’s Business Heroes ដែលជាកម្មវិធីដែលបង្កើតឡើងដោយរូបលោកផ្ទាល់ និងមានលោកជាគណៈកម្មាធិការនោះទេ ហើយបែរជាជំនួសមកវិញដោយលោក Lucy Peng ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Alibaba ទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែរូបភាពរបស់លោកក៏ត្រូវបានគេយកចេញពីទំព័រមុខនៅក្នុងវេបសាយរបស់កម្មវិធីផងដែរ។

លោក Jack Ma មិនបានបង្ហាញខ្លួនជាសាធារណៈនោះទេ ចាប់តាំងពីវេទិកានៅទីក្រុងសៀងហៃ នៅចុងខែតុលា ឆ្នាំ២០២០ ដែលទីនោះជាកន្លែងដែលគាត់បានស្តីបន្ទោសប្រព័ន្ធច្បាប់របស់ចិននៅក្នុងសុន្ទរកថា ដែលធ្វើឱ្យគាត់មានការប៉ះទង្គិចគ្នាជាមួយមន្រ្តី ដែលនាំឱ្យមានការផ្អាកការផ្ដល់ជូន IPO តម្លៃ ៣៧ ពាន់លានដុល្លារ នៃសម្ព័ន្ធភាពហិរញ្ញវត្ថុ Ant Group របស់ក្រុមហ៊ុន Alibaba ។

នៅក្នុងវីដេអូដែលគាត់បានបង្ហាញខ្លួននេះ លោក Jack Ma បានថ្លែងទៅកាន់គ្រូៗ ដែលទទួលបានពានរង្វាន់គ្រូនៅជនបទ (Rural Teachers Award) ដែលកាលពីឆ្នាំមុនៗគាត់តែងបានចូលរួមពិធីនេះ ដែលរៀបចំឡើងដោយមូលនិធិ Jack Ma នៅទីក្រុងសាន់យ៉ានៃប្រទេសចិន។ លោកបាននិយាយនៅក្នុងវីដេអូថា៖«យើងមិនអាចជួបគ្នានៅក្រុងសាន់យ៉ាពេលនេះបាន ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 ។ នៅពេលដែលជំងឺរាតត្បាតបានបញ្ចប់ យើងត្រូវតែរកពេលវេលា ដើម្បីរៀបចំខ្លួនសម្រាប់ដំណើររបស់អ្នករាល់គ្នាទៅកាន់ក្រុងសាន់យ៉ា ហើយបន្ទាប់មកយើងនឹងជួបគ្នាម្តងទៀត»៕

Jack Ma, executive chairman of Alibaba Group, speaks during the Clinton Global Initiative’s annual meeting in New York, September 29, 2015. REUTERS/Lucas Jackson

គួរជម្រាបផងដែរថា កាលពីថ្ងៃទី ២៤ ខែតុលា លោកបានរិះគន់ប្រព័ន្ធធនាគារចិនហាក់ថាហួសសម័យ ដែលចង់ឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់សាជាថ្មី។ លោកមានប្រសាសន៍ថា ប្រព័ន្ធហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះគឺជាកេរ្តិ៍ដំណែលនៃយុគសម័យឧស្សាហកម្មពីមុន​។ យើងត្រូវតែរៀបចំប្រព័ន្ធថ្មីសម្រាប់មនុស្សជំនាន់ក្រោយនិងយុវជន។ យើងត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធបច្ចុប្បន្ន ។

អត្ថបទ៖ ស្រេង ចំរើន