Kinshasa, Congo(AP)៖ ប្រទេសអ៊ីតាលី និងអង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១នេះថា លោកឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំប្រទេសកុងហ្គោ អង្គរក្សម្នាក់ និងអ្នកបើកបររថយន្តសញ្ជាតិកុងហ្គោម្នាក់ត្រូវបានសម្លាប់កាលពីថ្ងែចន្ទ ក្នុងការលបវាយប្រហារលើក្បួនរថយន្តអង្គការសហប្រជាជាតិនៅតំបន់មួយដែលមានក្រុមឧទ្ទាមជាច្រើន ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយក្នុងសេចក្តីថ្លែងាការមួយថា ការវាយឆ្មក់នេះបានកើតឡើងនៅពេលដែលក្បួនរថយន្តធ្វើដំណើរពីទីក្រុងហ្គូម៉ាដែលជារដ្ឋធានីក្នុងតំបន់ខាងកើតនៃប្រទេសកុងហ្គោដើម្បីទៅមើលគម្រោងផ្តល់អាហារតាមសាលារៀនមួយរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅទីក្រុងរ៉ូតស៊ូរូ ។
អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)បាននិយាយថា ខ្លូនកំពុងតែស្វែងរកព័ត៌មានពីអាជ្ញាធរមូលដ្ឋាន ព្រោះការស្ទាក់វាយឆ្មក់បានកើតឡើងនៅតាមផ្លូវដែលគេពិនិត្យមើលរួចពីមុនហើយសម្រាប់ការធ្វើដំណើរដោយមិនបាច់មានកងសន្តិសុខអមដំណើរជាមួយ ។
អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)បានថ្លែងឱ្យដឹងថា លោកLuca Attanasio ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំប្រទេសនេះតាំងពីឆ្នាំ ២០១៧ មន្រ្តីការ៉ាប៊ីននីរី លោកVittorio Lacovacci និងតៃកុងឡានម្នាក់មានស្លាប់ ហើយអ្នកដទៃទៀតដែលរួមដំណើរក្នុងក្បួនរថយន្តនោះបានរងរបួស ។
លោកMambo Kaway ប្រធានក្រុមសង្គមស៊ីវិលមួយបាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅតំបន់Nyiragongo នៅតំបន់តែមួយដែលគេហៅថា តំបន់អង់តែន៣ ដែលជនជាតិអង់គ្លេស២នាក់ត្រូវបានចាប់ខ្លួនដោយក្រុមប្រដាប់អាវុធដែនមិនស្គាល់អត្តសញ្ញាណនៅឆ្នាំ ២០១៨ ។ លោកKawayបានថ្លែងថា អ្នកបើកឡានបានស្លាប់ភ្លាមនៅនឹងកន្លែងក្រោយពីត្រូវបួនប្រាំគ្រាប់ ហើយអ្នកដទៃទៀតរងរបួស ។
លោកបន្ថែមថា «ស្ថានភាពកំពុងតែតានតឹង ។» អ្នករងរបួសត្រូវដឹកសង្រ្គោះបន្ទាប់នៅមន្ទីរពេទ្យអង្គការសហប្រជាជាតិដែលនៅជិតកន្លែងកើតហេតុ ។
អភិបាលរដ្ឋ North Kivu លោក Carly Nzanzu Kasivita ពួកឧទ្ទាមបានចាប់រថយន្តនឹងបញ្ជាឱ្យបើកចូលទៅក្នុងព្រៃ ហើយនៅពេលដែលពលរដ្ឋក្នុងតំបន់បានឃើញ ពួកគាត់បានផ្តល់ដំណឹងឱ្យអាជ្ញាធរ ។
លោកKawayបាននិយាយថា កងទ័ពកុងហ្គោ និងឆ្មាំឧទ្យានជាតិVirunga បានមកជួយសង្គ្រោះ ។
លោកអភិបាលរដ្ឋបានថ្លែងឱ្យដឹងថា មានការផ្ទុះអាវុធដាក់គ្នា ។ ក្រុមឧទ្ទាមបានបាញ់ប្រហារលើលោកឯកអគ្គរដ្ឋទូត និងអង្គរក្ស ដែលក្រោយមកលោកឯកអគ្គរដ្ឋទូតបានស្លាប់របួសធ្ងន់ធ្ងរពេកមិនអាចសង្រ្គោះជីវិតបាន ។
រដ្ឋមន្រ្តីក្រសូងការបរទេសកុងហ្គោ អ្នកស្រី Marie Tumba Nzenza បានផ្ញើលិខិតរំលែកមរណទុក្ខចំពោះក្រុមគ្រួសារសព និងសន្យាចំពោះមុខរដ្ឋភិបាលអ៊ីតាលីថារដ្ឋាភិបាលកុងហ្គោលនឹងប្រឹងឱ្យពីសមត្ថភាពតាមដានស៊ើបអង្កេតនិងវែករកមុខជនដែលនៅពីក្រោយឃាតកម្មនេះ ។
ជនស៊ីវិលជាង២ ០០០ នាក់ត្រូវបានសម្លាប់កាលពីឆ្នាំទៅ ដោយអំពើហិង្សានៅភាគខាងកើតនៃប្រទេសកុងហ្គោ ដោយក្រុមប្រដាប់អាវុធវាយប្រហារយ៉ាងឃោរឃៅដោយប្រើកាំបិតផ្គាក់និងអាវុធធុនធ្ងន់ធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ទីជម្រក ដែលនេះអង្គការសហប្រជាជាតិហៅថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយ ។
ដោយ៖ បូ សល់