ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គួច ចំរើន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធភោជនីយដ្ឋានជប៉ុន KO-KAI មានទីតាំងតាមបណ្តោយផ្លូវ ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃ៤រោច ខែមាឃ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។
ឯកឧត្តម MIKAMI MASAHIRO បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានចូលរួមបើកសម្ពោធភោជនីយដ្ឋានជប៉ុន KO-KAI នៅខេត្តព្រះសីហនុនាពេលនេះ និងសូមចូលរួមគាំទ្រ ដើម្បីឱ្យភោជនីយដ្ឋានជប៉ុនដំណើរការដោយរលូន និងអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុនមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនាពេលខាងមុខ ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ឯកឧត្តមមានអារម្មណ៍ថា មានភោជនីយដ្ឋានជប៉ុននៅទីនេះ គឺនាំមកនូវអ្នកវិនិយោគ និងភ្ញៀវទេសចរជប៉ុនមកកាន់ខេត្តព្រះសីហនុ ។ ម្យ៉ាងទៀតភោជនីយដ្ឋានជប៉ុននេះ ផ្តល់ការងារជូនយុវជនកម្ពុជា រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ កាន់តែល្អប្រសើរបន្ថែមទៀត ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍ភោជនីយដ្ឋានជប៉ុន និងចង់ឃើញអ្នកវិនិយោគជប៉ុនមកកាន់ទីនេះកាន់តែច្រើន ។ ឯកឧត្តម បានរម្លឹកផងដែរថា កាលពីឆ្នាំ២០០០កន្លងមក ឯកឧត្តមបានអញ្ជើញទៅសិក្សាផ្នែកកិច្ចការរដ្ឋបាល នៅប្រទេសជប៉ុន ហើយឯកឧត្តម បានភ្លក់រសជាតិសាច់អាំងនៅប្រទេសជប៉ុន គឺមានរសជាតិឆ្ងាញ់ពិសាឯកឧត្តមចង់ឃើញមានសាច់អាំងនៅខេត្តព្រះសីហនុ និងមានភោជនីយដ្ឋានជប៉ុន កាន់តែច្រើនបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ ៕
ប្រភព៖ ក្រសួងព័ត៍មាន