(CNA)៖នៅថ្ងៃអង្គារទី ១៩ ខែមករា ឆ្នាំ២០២១នេះ សហរដ្ឋអារមេរិកបានប្រកាសថា ចិនកំពុងតែប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចអ៊ូហ្គួរ និងក្រុមមូស្លីមដទៃទៀត ។ លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានដាក់សម្ពាធរឹងតែខ្លាំងថែមទៀតលើក្រុងប៉េកាំងពីបទចង់បោសសម្អាតជនជាតិភាគតិចនៅប្រទេសចិន ។
លោក Mike Pompeo បានថ្លែងតាមរយៈសេចក្តីថ្លែងការមួយថា “ខ្ញុំជឿថា អំពើប្រល័យពូជសាសន៍នេះកំពុងតែកើតមាននៅប្រទេសចិន ហើយយើងបានឃើញផ្ទាល់ថារដ្ឋភាគីចិនកំពុងតែព្យាយាមជាប្រព័ន្ធដើម្បីកម្ទេចជនជាតិភាគតិចអ៊ូហ្គួរ ។”
លោកបន្ថែមទៀតថា “យើងមិននៅស្ងៀមទេ ។ បើយើងអនុញ្ញាតឱ្យបក្សកុម្មុយនិស្តចិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សលើជនជាតិរបស់ខ្លួនបាន នោះយើងសាកស្រម័យមើលថាចិនហ៊ានធ្វើអ្វីទៀតលើពិភពលោកនាពេលអនាគតដ៏ខាងមុខនេះ ។”
លោក Mike Pompeoតែងតែរិះគន់ចិនខ្លាំងពីបញ្ហាជនជាតិភាគតិចអ៊ូហ្គួរ ដោយលោកបាននិយាយថា អំពើដែលចិនបានធ្វើចំពោះជនជាតិភាគតិចអ៊ូហ្គូរគឺជាការយកគោលការណ៍ណាស៊ីអាល្លឺម៉ង់ ។
លោក Mike Pompeo បានជម្រុញឱ្យស្ថាប័នអន្តរជាតិនានា រួមទាំងតុលាការអន្តរជាតិផងតាមឃ្លាំមើលសកម្មភាពធ្វើបុកម្នេញពីសំណាក់ប្រទេសចិន ហើយលោកថា អាមេរិកនឹងបន្តដាក់សម្ពាធលើចិនថែមទៀត ។
ក្រុមអ្នកការពារសិទ្ធមនុស្សជឿជាក់ថា យ៉ាងតិចណាស់មានជនជាតិភាគតិចអ៊ូហ្គួរនិងជនជាតិភាគតិចមូស្លីមដទៃទៀតជាងមួយលាននាក់ត្រូវចិនចាប់ឃុំខ្លួននៅជំរំឃុំខ្លួននៅតំបន់ភាគខាងលិចនៃខេត្តXinjiang ។
សាក្សី និងសកម្មជនបាននិយាយថា ចិនកំពុងតែព្យាយាមបញ្ចូលវប្បធម៌ជនជាតិហានទៅកាន់ជនជាតិភាគតិចអ៊ូហ្គួរ ដោយបំបាត់ទំនៀមទម្លាប់អ៊ីស្លាម ដោយសកម្មភាពផ្សេងៗដោយជាបង្ខំពួកគេឱ្យបរិភោគសាច់ជ្រូក និងបង្ខំឱ្យផឹកស្រា ដែលអំពើទាំងនេះសុទ្ធតែខុសខាងផ្លូវសាសនារបស់ពួកគេ ។
ចិនបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ហើយថាជំរំទាំងនោះគឹជាមជ្ឃមណ្ឌលហ្វឹកហ្វឺនវិជ្ជាជីវៈសម្រាប់កាត់បន្ថយអំពើជ្រុលនិយមរបស់ពួកអ៊ីស្លាមតែប៉ុណ្ណោះ ។
អត្ថបទ៖ បូ សល់