GENEVA (Reuters)៖ នៅថ្ងៃចន្ទទី ១៨ ខែ មករា ឆ្នាំ ២០២១នេះ សហរដ្ឋអាមេរិកអំពាវនាវឱ្យចិនអនុញ្ញាតឱ្យក្រុមអ្នកវិទ្យាសាស្រ្តអង្គការសុខភាពពិភពលោកសម្ភាសក្រុមអ្នកគ្រូពេទ្យ អតីតអ្នកជំងឺកូវីត និងអ្នកធ្វើការនៅមន្ទីរពិសោធន៍នៅទីក្រុងវូហាន និងសុំឱ្យចិនធានាថាក្រុមអ្នកវិទ្យាសាស្រ្តអាចទទួលបានទិន្នន័យវិជ្ជសាស្រ្ត និងសំណាកនានា ។
ក្រុមអ្នកជំនាញឯករាជ្យដែលដឹកនាំដោយអង្គការសុខភាពពិភពលោកដែលព្យាយាមសិក្សារកប្រភពនៃជំងឺកូវីតបានធ្វើដំណើរទៅដល់ក្រុងវូហានកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១នេះ ។ ពួកគេកំពុងធ្វើការប្រជុំជាមួយក្រុមអ្នកវិទ្យាសាស្រ្តចិនតាមប្រព័ន្ធអ៊ីនធើណេតកំឡុងពេលដែលពួកគេធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍ មុនពេលពួកគេអាចទៅស្រាវជ្រាវនៅកន្លែងផ្ទាល់ ។
អាមេរិក ដែលធ្លាប់បានចោទចិនថាបានព្យាយាមលាក់ពីការផ្ទុះជំងឺកូវីតដំបូង បានអំពាវនាវឱ្យមានការស៊ើបអង្កេតដ៏មានតម្លាភាពមួយដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ។
Garrett Grigsby នាយកការិយាល័យកិច្ចការអន្តរជាតិនៃក្រសួងសុខាភិបាលអាមេរិក បានថ្លែងថា ចិនគួរតែចែករលែកការសិក្សាលក្ខណៈវិទ្យាសាស្រ្តទៅលើសំណៅសត្វ មនុស្ស និងបរិស្ថាន ដែលគេបានធ្វើនៅក្រុងវូហាន ជាកន្លែងដែលជំងឺកូវីតបានកើតឡើងដំបូង ។
ផ្ទុយពីការលើកឡើងខាងលើ អ្នកតំណាងចិនបានថ្លែងប្រាប់ក្រុមប្រឹក្សាភិបាលWHO ថា “ការសិក្សារកប្រភពមេរោគជាការងារអ្នកវិទ្យាសាស្រ្ត ។ ការសិក្សានេះត្រូវការសម្របសម្រួល និងសហប្រតិបត្តិការ ។ យើងត្រូវតែបញ្ឈប់រាល់សម្ពាធនយោបាយទាំងអស់ ។”
គណៈប្រតិភូអូស្រ្តាលីក៏បានអំពានាវឱ្យមានការអនុញ្ញាតឱ្យអ្នកវិទ្យាសាស្រ្តអង្គការសុខភាពពិលោកអាចទទួលបានទិន្នន័យពាក់ព័ន្ធ ព័ត៌មានផ្សេងៗ និងអាចចូលទៅកាន់ទីតាំងសំខាន់ៗនៃក្រុងវូហាន ។
ដោយ៖ បូ សល់