(Reuters)៖ ក្រសួងការបរទេសអាមេរិកបានថ្លែងនៅសៅរ៍ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ថា សហរដ្ឋអាមេរិកមានក្តីបារម្ភដោយច្បាប់សមុទ្រចិនដែលទើបអនុម័តនាពេលថ្មីៗនេះ ដោយច្បាប់សមុទ្រថ្មីនេះអាចបង្កើនជម្លោះដែនសមុទ្រ ហើយនឹងត្រូវអាចចិនយកទៅប្រើប្រាស់ដោយខុសច្បាប់ដើម្បីទាមទារដែនសមុទ្រដែលចិនអះអាងថាជារបស់ខ្លួន ។
ប្រទេសចិន ដែលកំពុងតែមានជម្លោះអធិបតេយ្យដែនសមុទ្រជាមួយប្រទេសជប៉ុននៅសមុទ្រចិនខាងកើត និងជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតនៅសមុទ្រចិនខាងត្បូង បានអនុម័តច្បាប់សមុទ្រថ្មីមួយកាលពីខែមុន ដែលអនុញ្ញាតដោយចំហឱ្យឆ្មាំសមុទ្រចិនបាញ់ពន្លិចនាវាបរទេសដែលចូលដែនសមុទ្រខ្លួន ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកNed Priceបានថ្លែងប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ទីក្រុងវ៉ាស៊ីនតុនមានការព្រួយបារម្ភចំពោះពាក្យពេចន៍នៅក្នុងច្បាប់ថ្មីនេះដែលបង្ហាញពីការប្រើប្រាស់សក្តានុពលនៃកងកម្លាំង រូមទាំងកម្លាំងប្រដាប់អាវុធដោយឆ្មាំសមុទ្រចិនចំពោះការអនុវត្តការទាមទាររបស់ចិន និងជម្លោះដែនដីនិងសមុទ្រដែលកំពុងកើតមាននៅសមុទ្រចិនខាង និងខាងត្បូង ។
លោកNed Priceនិយាយថា «ភាសាដែលប្រើក្នុងច្បាប់នោះបង្កប់ន័យថាច្បាប់នេះអាចត្រូវយកទៅប្រើដើម្បីគំរាមប្រទេសជិតខាងដែលមានដែនសមុទ្ររួមជាមួយចិន ។»
លោកNed Priceនិយាយថាសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវសេចក្តីថ្លែងការណ៍មួយកាលពីខែកក្តដាដែលពេលនោះលោកMike Pompeoនៅជារដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានច្រានចោលការអះអាងរបស់ចិនចំពោះធនធាននៅឈូងសមុទ្រចិនខាងត្បូងភាគច្រើនថាជាការខុសច្បាប់ទាំងស្រុង ។
លោកបន្ថែមទៀតថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំឈរខាងសម្ព័ន្ធមិត្តទាំងជប៉ុន និងហ្វីលីពីន ។
សហរដ្ឋអាមេរិកមានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយប្រទេសទាំងពីរ ហើយបានធ្វើនាវាចរល្បាតកងទ័ពជើងទឹកជាប្រចាំនៅក្នុងតំបន់នោះដើម្បីប្រឆាំងនឹងការទាមទារដែនសមុទ្រឥតឈប់ឈររបស់ចិន ។
ប្រទេសហ្វីលីពីនបានថ្លែងកាលពីខែមុនថា ខ្លួនបានប្តឹងតវ៉ាការទួតលើច្បាប់ថ្មីរបស់ប្រទេសចិនដោយចាត់ទុកវាជាការគំរាមកំហែងផ្នែកសង្រ្គាម ។
ដោយ៖ បូ សល់់