Cape Canaveral, Florida (AP)៖មហាសេដ្ឋីពាន់លានអាមេរិកម្នាក់ ដែលរកចំណូលពីវិស័យបច្ចេកវិទ្យា និងផលិតយន្តហោះចម្បាំងនឹងទិញដាច់ជើងហោះហើររបស់SpaceX និងគ្រោងនឹងនាំមនុស្សបីនាក់ផ្សេងទៀតធ្វើដំណើរជុំវិញភពផែនដីក្នុងឆ្នាំ២០២១នេះ ។ នេះបើយោងតាមការចុះរបស់សារព័ត៌មាន Associate Press នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ។
ក្រៅពីបំពេញក្តីសុបិនរបស់លោកក្នុងការហោះហើរក្នុងលំហអាកាស លោកJared Isaacman បានប្រកាសកាលពីថ្ងៃចន្ទថា គាត់មានបំណងប្រើប្រាស់ដំណើរកម្សាន្តឯកជនមួយនេះដើម្បីរៃអង្គាសថវិការ ២០០ លានដុល្លារដើម្បីបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ St.Jude Children’s Research Hospital ហើយលោកនឹងបរិច្ចាគវថវិកាផ្ទាល់ខ្លួនចំនួន ១០០ លានដុល្លារ ។
បុគ្គលិកសុខាភិបាល ភេទស្រីម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យខាងលើត្រូវជ្រើសរើសឱ្យរួមដំណើរក្នុងបេសកម្មនេះ ។ សប្បុរសជនដែលនឹងបរិច្ចាគប្រាក់ជួយមន្ទីរពេទ្យ St. Jude នៅក្នុងខែកុម្ភៈនេះនឹងត្រូវចាប់ឆ្នោតរើសយកម្នាក់ឱ្យទៅអង្គុយនៅកៅអីទី៣នៃយានអវកាស ។ កៅអីទី៤នឹងទុកសម្រាប់ឱ្យម្ចាស់អាជីវកម្មម្នាក់ដែលប្រើសេវាកម្មក្រុមហ៊ុន Shift4 Paymentsដែលជាក្រុមហ៊ុនក្រេឌីតកាតរបស់លោក Isaacman ។
លោក Isaacmanបានថ្លែងប្រាប់ Associate Press ថា “ខ្ញុំពិតចង់រស់នៅក្នុងពិភពលោកមួយ ដែល៥០ ឆ្នាំ ឬ១០០ឆ្នាំចាប់នេះទៅ ប្រជាជនអាចដើរចូលទៅក្នុងរ៉ូកែតដូចក្នុងរឿងJetsons ហើយគ្រួសារពួកគេអណ្តែតនៅលើភពព្រះចន្ទ ដោយមានកូនៗរបស់ពួកគេពាក់សម្លៀកបំពាក់អ្នកអវកាស ។”
លោកElon Musk ស្ថាបនិក និងជានាយកប្រតិបត្តិ SpaceX រំពឹងថាការហោះហើរនេះនឹងប្រើពេលពី ២ថ្ងៃទៅ ៤ថ្ងៃ ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុនមួយនៅរដ្ឋតិចសាស សហរដ្ឋអាមេរិកបានបង្ហាញឈ្មោះអ្នកជំនួញបីនាក់ដែលបានចំណាយប្រាក់ម្នាក់ ៥៥ លានដុល្លារ ដើម្បីធ្វើដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិនៅខែមករា ឆ្នាំក្រោយ ដោយជិះយានអវកាស SpaceX Dragon ។ ហើយមានបុរសអ្នកជំនួញជប៉ុនម្នាក់បានធ្វើកិច្ចព្រមព្រៀងជាមួយSpaceXដើម្បីធ្វើដំណើរទៅឋានព្រះចន្ទ ។
លោក Isaacmanមិនបានបញ្ជាក់ឱ្យដឹងថាលោកនឹងត្រូវចំណាយប្រាក់ប៉ុន្មានដើម្បីប៉ាវផ្តាច់ជើងហោះហើរSpaceXទេ ។
អវកាសយានិកចូលនិវត្តន៍របស់NASA និងរួមដំណើរជាអ្នកជំនួញបីនាក់នោះ តែ Isaacmanវិញនឹងត្រុវមេបញ្ជាការយន្តហោះខ្លួនឯងតែម្តង ។
គួរបញ្ជាក់ដែរ យានអវកាសដែលលោក Isaacmanនឹងជិះនោះជាយានស្វ័យប្រវត្តិ តែក្នុងករណីគ្រាអាសន្ន អាកាសយានិកម្នាក់ត្រូវចូលទៅបញ្ជាការហោះហើរ ។
ដោយ៖ បូ សល់