ការយល់ដឹងថាតើអ្វីទៅជាសុខភាពផ្លូវចិត្ត និងបញ្ហាចិត្ត-សង្គមគឺនៅមានកំរិតយ៉ាងទាប និងតែងតែមិនត្រូវបានគេទទួលស្គាល់ ព្រមទាំងមានការបកស្រាយខុស។ ប្រជាជនបន្តរស់នៅជាមួយបញ្ហាដោយមិនដោះស្រាយបញ្ហារ។ ជាទូទៅ ប្រសិនបើប្រជាជនត្រូវការការថែទាំ គេច្រើនទៅរកគ្រូខ្មែរ គ្រូចូលរូប ព្រះសង្ឃ ឬអាចារ្យ ដែលព្យាយាមផ្តល់ការព្យាបាលដល់អ្នកជំងឺផ្លូវចិត្តដោយថ្នាំរុក្ខជាតិ និង មធ្យោបាយ មន្តអាគម។ គ្រូព្យាបាលខ្លះមានសមត្ថភាពអាចបង្រៀនបច្ចេកទេសបន្ធូរអារម្មណ៍ និងការធ្វើសមាធិដល់អ្នកជំងឺ ដែលមានប្រយោជន៍សម្រាប់អ្នកជំងឺថប់បារម្ភ ធ្លាក់ទឹកចិត្ត និងអ្នកមានវិបត្តិផ្លូវចិត្តកំរិតស្រាល។ គ្រូខ្លះទៀតអាចផ្សំថ្នាំបុរាណឬថ្នាំពេទ្យដែលអាចធ្វើអោយមានការធូរស្រាលខ្លះដល់អ្នកជំងឺដែលមានរោគសញ្ញាជំងឺរាងកាយដែលបណ្តាលមកពីបញ្ហាផ្លូវចិត្ត។ ក៏ប៉ុន្តែចំពោះជំងឺវិកលចរិត វិធីសាស្ត្រដែលប្រើអាចមានគ្រោះថ្នាក់ខ្លះ ហើយជួនកាលអាចនាំអោយមានជំងឺផ្លូវចិត្តបន្ថែមទៀតក៏មាន។ ជំងឺភាគច្រើនក្លាយទៅជារ៉ាំរ៉ៃ ឬកាន់តែធ្ងន់ធ្ងរ និងមានផលវិបាក។
រួមផ្សំជាមួយនឹងការខ្វះចំណេះដឹងស្តីអំពីជំងឺផ្លូវចិត្តនេះគឺការមើលងាយអ្នកជំងឺ។ មនុស្សជាច្រើនមានជំនឿយ៉ាងមុតមាំថា ជំងឺផ្លូវចិត្តគឺជាការឆ្កួតឬជាជំងឺតពូជដែលជាហេតុនាំអោយមានការមើលងាយអ្នកជំងឺផ្លូវចិត្ត គ្រួសាររបស់គេ និងសហគមន៍ដែលគាត់រស់នៅ។
បើយើងក្រឡេកមើលវិស័យសុខភាពសាធារណៈចាប់តាំងក្រោយសម័យប៉ុលពតរហូតដើមទសវត្សឆ្នាំ៩០ នៅប្រទេសកម្ពុជា ពុំមានសេវាសុខភាពផ្លូវចិត្តទាល់តែសោះ។ គ្រូពេទ្យព្យាបាលអ្នកជំងឺផ្លូវចិត្តភាគច្រើនក្នុងសេវាសុខភាពសាធារណៈ។ គ្រូពេទ្យទាំងនោះមិនដែលបានទទួលការបណ្តុះបណ្តាលផ្នែកសុខភាពផ្លូវចិត្ត ហើយមិនអាចធ្វើរោគវិនិច្ឆ័យ និងផ្តល់ការព្យាបាលបានត្រឹមត្រូវឡើយ។ ជាទូទៅគ្រូពេទ្យទាំងនោះគ្រាន់តែធ្វើការព្យបាល ដោយអោយថ្នាំមួយចំនួនជាមួយនឹងដំបូន្មានបន្តិចបន្តួចដែលមិនត្រូវទៅតាមវិធីសាស្ត្រនៃការព្យាបាលឬការផ្តល់ប្រឹក្សាដល់អ្នកជំងឺផ្លូវចិត្តឡើយ។ ទើបតែមកដល់ឆ្នាំ១៩៩៤-១៩៩៥ ដែលមុខវិជ្ជាវិកលវិទ្យាត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ សម្រាប់បណ្តុះបណ្តាលវេជ្ជបណ្ឌិត ហើយក្នុងឆមាសទីពីរ នៃឆ្នាំ១៩៩៧ មុខវិជ្ជានេះក៏ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ និងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភូមិភាគដទៃទៀត។
ដោយ៖ លី ហួ