(CAN)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានថ្លែងថា ក្រុមហ៊ុនបានចាប់ផ្តើមដំឡើង iPhone 12 នៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុននេះបង្កើនប្រតិបត្តិការផលិតនៅក្នុងទីផ្សារស្មាតហ្វូនធំបំផុតទី ២ លើពីភពលោក ។ ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី ១១ ខែមីនា ឆ្នាំ ២០២១ថា យើងមានមោទនភាពដែលបានចាប់ផ្តើមផលិត iPhone 12 នៅក្នុងប្រទេសឥណ្ឌាសម្រាប់អតិថិជនក្នុងស្រុករបស់យើង ។
ប្រភពពីរដែលដឹងច្បាស់ពីរឿងនេះបាននិយាយថា ក្រុមហ៊ុនFoxconnរបស់តៃវ៉ាន់ដែលបានចុះកុងត្រាជាមួយក្រុមAppleប្រចាំប្រទេសឥណ្ឌា នឹងធ្វើការប្រមូលផ្តុំឧបករណ៍នៅរោងចក្ររបស់ខ្លួននៅរដ្ឋTamil Nadu ភាគខាងត្បូង ។ ក្រុមហ៊ុនFoxconnមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយទេ ប៉ុន្តែកន្លងមកធ្លាប់បាននិយាយថា ខ្លួនមិនធ្វើអត្ថាធិប្បាយលើការងារជាក់លាក់របស់អតិថិជនទេ ។
ក្រុមហ៊ុន Apple កំពុងផ្លាស់ប្តូរផ្នែកខ្លះនៃផលិតកម្មពីប្រទេសចិនទៅកាន់ទីផ្សារផ្សេងទៀត ដែលជាការបំបែរទិសដៅសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង ។ មនុស្សម្នាក់ដែលដឹងពីបញ្ហានេះបាននិយាយកាលពីខែវិច្ឆិកាឆ្នាំ ២០២០ ថា ក្រុមហ៊ុន Foxconnកំពុងផ្ទេរ iPad និងMacBook មួយចំនួនទៅប្រទេសវៀតណាមពីប្រទេសចិនតាមសំណើររបស់ក្រុមហ៊នApple ។
ក្រុមហ៊ុនApple ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងCupertino រដ្ឋកាលីហ្វ័រញ៉ាបានបោះដើមទុកធំលើប្រទេសឥណ្ឌា ចាប់តាំងពីខ្លូនបានចាប់ផ្តើមដំឡើងiPhone នៅប្រទេសនេះក្នុងឆ្នាំ ២០១៧ តាមរយៈក្រុមហ៊ុនផ្គត់ផ្គង់តៃវ៉ាន់មួយទៀតគឺក្រុមហ៊ុន Wistron ។
ក្រុមហ៊ុន Foxconn និងក្រុមហ៊ុនWistron និងក្រុមហ៊ុនផ្គត់ផ្គត់ទីបីគឺក្រុមហ៊ុនPegatron ប្តេជ្ញារួមគ្នានូវទឹកប្រាក់ប្រមាណ ៩០០ លានដុល្លារក្នុងរយៈពេល ៥ឆ្នាំ ដើម្បីផលិតiPhone នៅប្រទេសឥណ្ឌាដោយប្រើប្រាស់ផែនការ ៦,៧ ពាន់លានដុល្លាររបស់ក្រុងញូវដេលីដើម្បីជំរុញការនាំចេញស្មាតហ្វូន ។
ទីភ្នាក់ព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែមុនថា ក្រុមហ៊ុនApple ក៏មានផែនការនាំយកiPadរបស់ខ្លនទៅដំឡើងនៅឥណ្ឌាផងដែរ ។
រដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាឥណ្ឌា Ravi shankar Prasad បានសរសេរតាមបណ្តាញសង្គមTwitter ក្រោយពីទទួលដំណឹងអំពីការផលិតiPhone 12 នៅប្រទេសឥណ្ឌាថា «យើងរីករាយដែលបានឃើញការខិតខំប្រឹងប្រែងរបស់យើងដើម្បីធ្វើឱ្យឥណ្ឌាក្លាយជាមជ្ឈមណ្ឌលផលិតទូរសព្ទនិងគ្រឿងបន្លាស់ដ៏ធំកំពុងទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោក ។ នេះនឹងបង្កើនការងារជាច្រើន។ »
ដោយ៖ បូ សល់