(Reuters)៖នៅថ្ងៃទី២៩ ខែមករាឆ្នាំ ២០២១ នាយកប្រតិបត្តិក្រុមហ៊ុនApple Inc លោកTim Cook បានរិះគន់ការព្យាយាមបំបែកបំបាក់គ្នា និងការផ្សាយព័ត៌មិនពិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កំពុងតែបន្ថែមកំដៅទៅលើភ្លើងជម្លោះរវាងក្រុមហ៊ុនផលិត Iphone (Apple Inc) និងក្រុមហ៊ុនFacebook Incឱ្យកាន់តែឆេះក្តៅគគុកខ្លាំងឡើង ។
ថ្លែងក្នុងសន្និសីទសុវត្ថិភាពប្រព័ន្ធកំព្យូទ័រ ការការពារសិទ្ធិឯកជន និងការការពារទិន្នន័យ លោកTim Cook បានរិះគន់apps មួយចំនួន ដែលលោកអះអាងថាបានប្រមូលព័ត៌ឯកជនពីអ្នកប្រើប្រាស់ច្រើនហួសហេតុ និងថាពួកគេបានផ្តល់អាទិភាពដល់ទ្រឹស្តីឃុបឃិតនិយម និងការញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សាព្រោះតែចង់បានអត្រាអ្នកប្រើប្រាស់កម្មវិធីរបស់ខ្លួនឱ្យកាន់ច្រើនឡើង ។
លោកបន្ថែមថា “នៅពេលដែលការផ្សព្វផ្សាយព័ត៌មានមិនពិតនិងទ្រឹស្តីឃុបឃិតរួមបញ្ជូលគ្នា យើងមិនអាចបិទភ្នែកធ្វើមិនឃើញ មិនដឹងមិនឮពីទ្រឹស្តីបច្ចេកវិទ្យាមួយដែលតែងនិយាយថា ការចូលរួមទាំងអស់សុទ្ធតែនាំផលល្អ ឬថាកាន់តែយូរគឺកាន់តែល្អ ដែលសុទ្ធតែមានគោលបំណងប្រមូលទិន្នន័យឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន ។”
លោកមិនបាននិយាយចំឈ្មោះក្រុមហ៊ុនFacebookដោយត្រង់នោះទេ តែគេបានដឹងហើយថាក្រុមហ៊ុនយក្សទាំងពីរនេះកំពុងតែមើលមុខមិនចំ ។ ក្រុមApple កំពុងតែរៀបចំអនុវត្តការជូនដំណឹងពីឯកជនភាពរបស់អ្នកប្រើប្រាស់ ដែលឧស្សាហកម្មផ្វព្វផ្សាយពាណិជ្ជកម្មឌីជីថលជឿជាក់ថា នឹងអាចនាំឱ្យអ្នកប្រើប្រាស់ខ្លះមិនព្រមអនុញ្ញាតឱ្យមានការប្រើប្រាស់កម្មវិធីជួយប្រមូលទិន្នន័យដែលជួយដល់ការផ្សាយពាណិជ្ជកម្មពីគណនីរបស់ពួកគេ ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនFacebookបានចោទប្រកាន់ក្រុមហ៊ុនAppleថាកំពុងតែអនុវត្តអំពើប្រឆាំងនឹងគូរប្រជែងរបស់ខ្លួន ព្រោះAppleមានappជាច្រើនដែលបានបង់លុយឱ្យខ្លួនដើម្បីដំណើរលើប្រព័ន្ធប្រតិបត្តិការISOរបស់Apple ម៉្យាងទៀតក៏មានការផ្សាយពាណិជ្ជកម្មឌីជីថលផ្ទាល់ខ្លួនផងដែរ ។
កាលពីថ្ងៃពុធ លោកMark Zuckerbergបានថ្លែងថា ក្រុមហ៊ុនApple មានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់ការគ្របដណ្តប់របស់ខ្លួនដើម្បីជ្រៀតជ្រែកដល់ដំណើរការapp របស់យើងនិងរបស់ក្រុមហ៊ុនផ្សេងៗទៀត ។
នៅព្រហស្បតិ៍នេះ លោក Tim Cook បានរិះគន់បណ្តាញសង្គមថាបានអន្តរាយដល់ទំនុកចិត្តសាធារណៈ និងបានជម្រុញឱ្យអ្នកប្រើប្រាស់ធ្លាក់ចចូលក្នុងក្រុមជ្រុលនិយម ។
ដោយ៖ បូ សល់