កោះកុង៖ ពួនសម្ងំយ៉ាងជ្រៅក្នុងដងបុព្ធតា ដងស្ទឹងអារ៉ែង បានរក្សាទុកនូវសក្ដានុពលទេសចរណ៍ដ៏វិសេសវិសាលមួយ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង បានលាតសន្ធឹងកាត់ឃុំចំនួន ៣ តាមដងស្ទឹងអារ៉ែង មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីរង្វង់មូលស្រុកថ្មបាំង។ ហើយជាផ្នែកមួយនៃជ្រលងអារ៉ែង ដងស្ទឹងសម្ងាត់មួយនេះ ហ៊ុមព័ទ្ធដោយព្រៃត្រូពិចដ៏ខៀវស្រងាត់ ដែលជាជម្រកសត្វព្រៃ និងជីវៈចម្រុះដ៏កម្រៗជាច្រើនប្រភេទ។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះថានៅរដូវប្រាំង ទឹកស្ទឹងហូរបន្ទាបខ្លួន រំលេចនូវឆ្នេរខ្សាច់សក្បុសជាច្រើនកន្លែង គួរឲ្យចង់ដើរលម្ហែហើយ នៅលើឆ្នេរខ្សាច់ទាំងនោះ ភ្ញៀវទេសចរក៏អាចបោះតង់កម្សាន្តបែបផ្សងព្រេងបានផងដែរ។ ហើយពយម្រេចកង្កែប ជាគោលដៅទេសចរណ៍ដ៏ពេញនិយមប្រចាំនៅតំបន់អារ៉ែង ដែលស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយជាង ៤គីឡូម៉ែត្រពីសាលាបឋមសិក្សាជំនាប់ ហើយអ្នកទេសចរត្រូវធ្វើដំណើរថ្មើជើងកាត់ព្រៃ ដែលមានដើមឈើធំៗ និងជម្រាលភ្នំ ដោយចំណាយពេល ១ម៉ោង ៤០នាទី ទើបទៅដល់គោលដៅ។
លោក សុខ ចាន់គ្រឹះស្នា បន្ដទៀតថា ម្រេចកង្កែប ជាពយមួយនៃភ្នំម្រេចកង្កែប ដែលស្ថិតក្នុងភូមិសាស្រ្ដជួរភ្នំក្រវាញខាងត្បូង គ្របដណ្ដប់ដោយព្រៃទឹកភ្លៀង ដែលជាជម្រកនៃពពួកសត្វព្រៃ និងជីវៈចម្រុះកម្រៗជាច្រើនប្រភេទ ដែលមើលទៅធៀបដូចជាឋានសួគ៍។ ហើយសេវាកម្មទេសចរណ៍នៅទីនេះ ត្រូវបានរៀបចំដោយសហគមន៍ទេសចរណ៍តំបន់អារ៉ែង ព្រមទាំងមានចុងភៅចម្អិនម្ហូបអាហារក្នុងព្រៃ ជូនភ្ញៀវទេសចរថែមទៀតផង។
គួរជម្រាបដែរថា សក្តានុពលទេសចរណ៍នៃពយម្រេចកង្កែប ពិតជាអន្ទងចិត្តអ្នកចូលចិត្តដើរព្រៃ។ ភាគច្រើន អ្នកទេសចរដែលមកដល់ទីនេះ គឺនិយមបោះតង់ ឬគេងអង្រឹងក្រោមដើមឈើ ដើម្បីទទួលយកបទពិសោធន៍ និងបរិយាកាសបែបថ្មី៕
អត្ថបទ៖ ស្រេង ចំរើន