ហុងកុង៖ ទស្សនិកជនដែលចូលចិត្តទស្សនារឿងហុងកុងភាគច្រើន ច្បាស់ណាស់គឺស្គាល់តែតារាសម្តែង បង្ហាញវត្តមានក្នុងភាពយន្តប៉ុណ្ណោះ ខណៈអ្នកនិពន្ធ និងអ្នកដឹកនាំភាគតិចណាស់ មានមហាជនស្គាល់ និងចាប់អារម្មណ៍។
យ៉ាងណាមិញ វិស័យឧស្សាហ៍កម្មភាពយន្តនៅហុងកុង បានបាត់បង់មនុស្សឆ្នើមមួយរូប គឺអ្នកនិពន្ធរឿងល្បីឈ្មោះ លោក Benny Chan ជាអ្នកដឹកនាំរឿងក្នុងទូរទស្សន៍ TVB បានទទួលមរណភាពកាលពីថ្មីៗនេះ ក្នុងវ័យ ៥៨ឆ្នាំ ដោយសារជំងឺមហារីក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។
ការទទួលមរណភាពរបស់អ្នកដឹកនាំរឿងល្បីឈ្មោះ Benny Chan បានធ្វើឲ្យសិល្បករហុងកុងជាច្រើនរូបសម្តែងការសោកស្តាយ ជាពិសេសនេះជាការបាត់បង់ធនធានមនុស្ស ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងដ៏ឆ្នើមមួយរូប ជាផ្នែកមួយធ្វើឲ្យភាពយន្តហុងកុង មានការគាំទ្រច្រើន។
គួរជម្រាបដែរថា លោក Chan បានចូលបម្រើការងារក្នុងស្ថានីយទូរទស្សន៍ TVB ក្នុងឆ្នាំ១៩៨២ ក្នុងនាមជាជំនួនការអ្នកដឹកនាំល្បីឈ្មោះ Johnnei To ផងដែរ។ Chan បានក្លាយជាអ្នកដឹកនាំរឿងទូរទស្សន៍ក្នុងឆ្នាំ ១៩៨៥ ចាប់ពីពេលនោះមកលោកបានកសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញ រហូតទទួលបានពានរង្វាន់ជាច្រើន ក្នុងកម្មវិធី «Hong Kong Film Awards for Big Bullet» ឆ្នាំ១៩៩៦៕
ដោយ៖ បូ សល់