(BBC)៖ ប្រជាជនអូស្រ្តាលីរាប់ពាន់នាក់នឹងត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគាត់ ខណៈដែលទឹកជំនន់ធំនៅក្នុងតំបន់ស៊ីដនីមានស្ថានភាពកាន់តែអាក្រក់ទៅ ។ នេះបើយោងតាមសារព័ត៌មានBBCចេញផ្សាយនៅថ្ងៃចន្ទទី២២ ខែមីនា ឆ្នាំ២០២១ ។ ភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃនៅទូទាំងរដ្ឋញូវសៅវែល (New South Wales) បានបណ្តាលឱ្យទឹកទន្លេ និងទំនប់ហៀរហូរបំផ្លាញផ្ទះសម្បែងយ៉ាងច្រើន ។ អភិបាលរដ្ឋបាននិយាយថា ប្រព័ន្ធអាកាសធាតុដែលបានបង្កឱ្យមានទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នឹងមិនបាត់ក្នុងរយៈពេលដ៏ខ្លីនេះទេ ហើយប្រជាជនគួរតែយកចិត្តទុកដាក់ចំពោះបញ្ហានេះ ។ នាយករដ្ឋមន្រ្តី ស្កុតម៉ូរីសុន (Scott Morrison) បានផ្តល់កញ្ចប់ថវិកាដល់អ្នកដែលត្រូវបង្ខំឱ្យភៀសខ្លូន ។ ទំនប់Warragamba ដែលជាប្រភពទឹកដ៏សំខាន់នៃទីក្រុងស៊ីដនីបានហក់ឡើងខ្លាំងជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។
កាលពីថ្ងៃអាទិត្យ គូស្នេហ៍វ័យក្មេងមូយគូបានត្រឹមឈរមើលផ្ទះរបស់ពួកគេត្រូវទឹកជំនន់ជន់លិចយ៉ាងខ្លាំងចំថ្ងៃដែលពួកគេត្រូវចូលរោងការ ។
ជម្រកបណ្តោះអាសន្នចំនួន ៧ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅទូទាំងរដ្ឋ ។ គេរំពឹងថាទឹកនឹងមិនស្រកនោះទេរហូតដល់ថ្ងៃព្រហស្បតិ៍ ។
គិតត្រឹមពេលនេះ ប្រជាជនប្រមាណ ១០០០ នាក់នៅភាគខាងលិចនៃក្រុងស៊ីដនីត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ ។ មនុស្សរាប់ពាន់នាក់ទៀតអាចត្រូវបានគេជម្លៀសចេញពីលំនៅដ្ឋាននៅប៉ុន្មានថ្ងៃខាងមុខនេះ ។
ផ្លូវថ្នល់និងស្តានត្រូវបានទឹកជំនន់កាត់ផ្តាច់ ហើយសាលារៀនជាង ១០០ ត្រូវបានបិទ ។ ជើងហោះហើរនៅឯអាកាសយានដ្ឋាន Newcastle ចម្ងាយ ១១៧ គ.ម.ពីទីក្រុងស៊ីដនីត្រូវបានផ្អាកទាំងស្រុង ។
ដោយ៖ បូ សល់