ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៅលើដងផ្លូវនានាក្នុងភូមិសាស្រ្តជុំវិញផ្សារឱ្យមាន របៀបរៀបរយនោះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អាជ្ញាធរក្រុងបានលុងបានចុះ រៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារក្រុងបានលុង ខេត្តរតនគិរី។
លោក ពុធ ដានី អភិបាលរង ក្រុងដែលបានដឹកនាំកម្លាំងក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា ដោយទទួលបទបញ្ជា ពីលោក ងិល ណែល អភិបាលក្រុងឲ្យចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងផ្សារនិងជុំវិញផ្សារបានលុងលោកបានដឹកនាំកម្លាំងចម្រុះដោយមានការចូលរួមពី កម្លាំងនគរបាលក្រុង និងកម្លាំងសន្តិសុខផ្សារផងដែរ។ ការចុះរៀបចំនៅចំណុចផ្នែក បរិវេណជុំវិញផ្សារដែលកំពុងតែបង្កភាពអនាធិបតេយ្យធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ក៏ដូច ជាសោភ័ណភាពដោយមិនអនុញ្ញាតឲ្យដាក់តាំងទំនិញហៀរហូរ មកលើផ្លូវសាធារណៈ នោះទេ។ លោក អភិបាលរងក្រុង បញ្ជាក់ថាក្នុងគោលការណ៍ រៀបចំសណ្តាប់ធ្នាប់ នេះ មិនមែន រៀបចំតែជុំវិញផ្សារនោះទេ គឺយើងរៀបចំជាជំហានៗ ដើម្បីកុំឲ្យមានការ កកស្ទះ ចរាចរណ៍ផ្លូវជុំវិញផ្សារផងដែរ។
ដោយ៖ បូ សល់