នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញទទួលជួបសម្ដែងការគួរសមរបស់ឯកឧត្តម W.Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការពិភាក្សាការងារអំពីកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង និងជាពិសេសរឹតចំណងមិត្តភាពរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយនឹងសហរដ្ឋអាមេរិកផងដែរ។
រដ្ឋបាលខេត្តបាត់ដំបង បានចាត់វិធានការតឹងរឹងចំពោះពលករចំណាកស្រុកពីប្រទេសថៃ ឲ្យនៅដាក់ដោយឡែកចំនួន១៤ថ្ងៃ ហើយទន្ទឹមនឹងការអនុវត្តវិធានការណ៍នេះ រដ្ឋបាលខេត្តបានរៀបចំក្រុមការងារ ក្នុងការអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីបញ្ហាកូវីដ-១៩នេះ។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ចំពោះពលករណាដែលបានធ្វើវិធានការចត្តាឡីស័កគ្រប់ចំនួនថ្ងៃកំណត់របស់សុខាភិបាលរួចហើយ គាត់នឹងទទួលបាននូវសញ្ញាបត្រមួយបញ្ជាក់មួយ ដើម្បីយកទៅបង្ហាញទៅដល់អាជ្ញាធរមានសមត្ថកិច្ច បញ្ជាក់ថាខ្លួនគ្មានជម្ងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ករួចរាល់។
ឯកឧត្តមបានបន្តទៀតថា បញ្ហាកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ជីវភាព និងសិស្សានុសិស្សមិនអាចចូលរៀនបាន ជាក់ស្ដែងដូចជាសាលារៀននានាដែលជាប់ភារកិច្ចធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករមកពីប្រទេសថៃ បានរាំងស្ទះដំណើរការនៃការចូលរៀនរបស់សិស្សានុសិស្សនៅតាមព្រំដែនមិនអាចដំណើរការបាន។
ទន្ទឹមនឹងនេះ ឯកឧត្តម ងួន រតនៈ បានធ្វើការថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់ជាជំនួយនានា ក្នុងនោះមានអង្គការPeace Corp ដែលជាអង្គការមួយជួយដល់វិស័យអប់រំនៅក្នុងខេត្តបាត់ដំបង នៅតាមសាលារៀនផងដែរ។
ឯកឧត្តម W.Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការខិតខំប្រឹងប្រែងកន្លងមក ហើយសហរដ្ឋអាមេរិកនឹងបន្តជួយសហការ ក្នុងនាមរឹតចំណងមិត្តភាព ជាពិសេស ធ្វើការបន្តនូវកម្មវិធីរបស់អង្គការ Peace Corp ជាថ្មីម្ដងទៀតក្នុងការបញ្ជូនអ្នកស្ម័គ្រចិត្តនៅសហរដ្ឋអាមេរិក ចុះជួយផ្នែកវិស័យអប់រំជាថ្មី ហើយក៏ជាលើកដំបូងម្ដងទៀតសម្រាប់ពិភពលោក ដោយសារប្រទេសកម្ពុជាបានធ្វើការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បានល្អជាងគេ ស្របពេលដែលបណ្ដាប្រទេសដទៃទៀតមិនទាន់អាចបន្តកម្មវិធីរបស់អង្គការ Peace Corp នាពេលនេះបច្ចុប្បន្ននេះដោយសារនូវបន្តការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ផងដែរ៕
ដោយ៖ បូ សល់