ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា សម្រស់បាតសមុទ្រកម្ពុជា ជាគោលដៅទេសចរណ៍ដ៏ល្អប្រណិត ដែលមាន ធនធានធម្មជាតិ ជីវចម្រុះគ្រប់ប្រភេទសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទស្សនា ។
លោក កាន់ ភារៈ ប្រធានក្រុមជ្រមុជទឹក នៃទីបញ្ជាការជួរមុខសម្រាប់ការងារស្រាវជ្រាវ និងអភិរក្សនៃបញ្ជាការដ្ឋានកងទ័ព ជើងទឹក បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បាតសមុទ្រកម្ពុជាពោរពេញទៅដោយសម្រស់ដ៏ស្រស់បំព្រង សម្បូរទៅ ដោយធនធានធម្មជាតិជីវចម្រុះ ជាជម្រកសម្រាប់មច្ឆាជាច្រើនប្រភេទ អាចនិយាយបានថាជាពិភពមួយផ្សេងទៀតដែលមាន សម្រស់ស្រស់ស្អាតមិនអាចកាត់ថ្លៃបាន ។
សូមបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវនិងអភិរក្ស នៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រ មានសមាជិកចំនួន១០នាក់ ហើយបានចាប់ផ្តើមស្រាវជ្រាវតាំងពីឆ្នាំ២០១៦មកម៉្លេះ ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា និងទទួលបានការបណ្តុះបណ្តាលជាច្រើនវគ្គ ពីអ្នកជំនាញទាំងក្នុងនិងក្រៅប្រទេស ក្នុងការសិក្សាកំណត់អត្តសញ្ញាណជីវចម្រុះគ្រប់ប្រភេទ ដែលបានចុះសិក្សាតាមបណ្តាកោះជាច្រើន ដូចជា កោះរុង កោះរុងសន្លឹម កោះស្តេច កោះឆាន់ កោះឆ្លាម កោះតាង កោះព្រីង កោះពូឡូវ៉ៃជាដើម៕
ប្រភព៖ ក្រសួងព័ត៍មាន