ជាទូទៅជីវិតនៅលីវត្រូវបាន មនុស្សមួយចំនួនគិតថា ជាជីវិតដែលឯកា និងមិនសូវស្រស់ថ្លាឬរីករាយដូចជីវិតអ្នកមានគូរឡើយ។លើសពីនេះទៅទៀតមានមនុស្សខ្លះទៀតគិតថាជីវិតមនុស្សយើងនឹងមិនគ្រប់គ្រាន់នោះទេប្រសិនបើយើងមិនទាន់បានរកឃើញនូវគូរអនាគតនោះ។ ជាក់ស្តែងមិនមែនទាល់តែយើងមានដៃគូរដើម្បីមករួមដំណើរជីវិតទើបជីវិតអាចស្រស់ថ្លា ពេញលេញនិងធ្វើអោយសុខភាពផ្លូវចិត្តរបស់យើងល្អនោះទេ។ ដោយឡែកតាមការស្រាវជ្រាវរបស់អ្នកជំនាញបានបង្ហាញថាជីវិតនៅលីវក៏អាចផ្តល់នូវគុណសម្បត្តិជាច្រើនផងដែរ។ខាងក្រោមនេះនឹងបង្ហាញអំពីគុណសម្បត្តិរបស់ជីវិតអ្នកនៅលីវ៖
១ ការគិតរបស់អ្នកមិនមានភាពច្របូកច្របល់ខ្លាំង
អ្នកមានគូរមានការគិតនិងបារម្ភពីរឿងច្រើនជាងអ្នកនៅលីវ។ពេលខ្លះការគិតច្រើននិងច្របូកច្របល់នោះបានរាំងស្ទាំងពួកគេមិនអោយរស់នៅបច្ចុប្បន្នភាពបាន។ ចំណែកឯការនៅលីវគឺជាការលុបបំបាត់ភាពច្របូកច្របល់និងការបង្កើតបន្ទប់សម្រាប់កសាងក៏ដូចជាអភិវឌ្ឍគំនិតថ្មី និងសុបិនផងដែរ។
២ អ្នកកាន់តែបើកចំហចំពោះអ្វីក៏ដោយដែលជីវិតបានជួបប្រទះ
អ្នកជំនាញនិយាយថាការនៅលីវអាចធ្វើឱ្យមនុស្សកាន់តែមានឆន្ទៈក្នុងការប្រឈមមុខនឹងបញ្ហា។ បន្ថែមពីនេះទៀតជីវិតដែលមិនមានគូរ គឺជាជីវិតរបស់អ្នកដែលស្ថិតក្នុងដៃអ្នក អ្នកអាចផ្សងព្រេងក៏ដូចជាទទួលយករឿងថ្មីៗជាច្រើនដែលអ្នកចង់ប្រថុយក្នុងការសាកល្បង។
៣ អ្នកមានពេលវេលាជាមួយខ្លួនឯងច្រើន
អ្នកជំនាញនិយាយថានៅក្នុងទំនាក់ទំនងមនុស្សប្រឈមនឹងការបាត់បង់ពេលវេលាជាមួយខ្លួនឯងព្រោះពួកគេមានពេលតិចណាស់ដើម្បីផ្តោតលើការអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ ដោយឡែក នៅពេលដែលអ្នកនៅម្នាក់ឯងវាបង្កើតឱកាសសម្រាប់ទំនាក់ទំនងនិងស្វែងយល់ពីខ្លួនឯងបានច្រើនជាង។
៤ អ្នកមានឱកាសស្វែងយល់ពីអ្វីដែលអ្នកចង់ក្នុងជីវិតនិងផ្តល់អាទិភាពក្នុងការថែទាំខ្លួនឯង
នៅពេលដែលអ្នកមិនទាន់ស្ថិតនៅក្នុងទំនាក់ទំនងណាមួយ អ្នកមានពេលវេលាដើម្បីយល់ច្បាស់អំពីអ្វីដែលសំខាន់ចំពោះអ្នកនិងអ្វីដែលអ្នកឱ្យតម្លៃ។ ការនៅលីវគឺជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីវាយតម្លៃឡើងវិញថាអ្នកជានរណាហើយកន្លែងណាដែលអ្នកចង់បានក្នុងជីវិតនេះ។ម្យ៉ាងវិញទៀតអ្នកមានពេលវេលាសម្រាប់មើលថែខ្លួនឯងជាអាទិភាពផងដែរ។
៥ វាគឺជាឱកាសដើម្បីក្លាយជាអ្នកមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ
អ្នកជំនាញបានលើកឡើងថាការនៅលីវពិតជាអាចលើកទឹកចិត្តអ្នកឱ្យកាន់តែសន្សំសំចៃនិងមានឯករាជ្យលើផ្នែកហិរញ្ញវត្ថុដោយអ្នកមិនចាំបាច់ពឹងផ្អែកលើអ្នកដទៃមកគ្រប់គ្រងការចំណាយរបស់អ្នក។
៦ អ្នកអាចរៀនរីករាយក្នុងការចំណាយពេលជាមួយខ្លួនឯង
ជីវិតនៅលីវមិនមានន័យថាគឺជាជីវិតដែលឯកានោះទេ។នៅពេលដែលអ្នករៀនចំណាយពេលជាមួយខ្លូនឯងនិងរីករាយជាមួយវា អ្នកនឹងកា្លយជាមនុស្សដែលចេះជ្រើសរើសមនុស្សដែលអាចចង់ចំណាយពេលជាមួយ អ្នកនឹងជ្រើសរើសតែមនុស្សណាដែលជួយជាផ្នែកមួយដល់សុខភាពផ្លូវចិត្តនិងផ្លូវរបស់អ្នកតែប៉ុណ្ណោះ។
៧ កម្រិតនៃភាពជឿជាក់របស់អ្នកនឹងឡើងខ្ពស់
ការនៅលីវផ្តល់នូវឱកាសដើម្បីទាញយកផលចំណេញពីផ្នែកខាងក្នុងរបស់បុគ្គលម្នាក់ៗដែលវាអាចបង្ហាញនូវភាពជឿជាក់កាន់តែខ្លាំងឡើង។ការនៅម្នាក់ឯងបង្កើតអោយមានការឆ្លុះបញ្ចាំងពីខ្លួនឯង ហើយការឆ្លុះបញ្ចាំងពីខ្លួនឯងនោះទៀតសោតបង្កើតទំនុកចិត្តដល់ខ្លួនឯង។
អ្នកជំនាញក៏បានលើកឡើងផងដែរថាទំនាក់ទំនងដែលល្អបំផុតកើតឡើងនៅពេលអ្នកយល់ពីតំរូវការនិងការចង់បាននិងតម្លៃរបស់អ្នក។ការមានទំនុកចិត្តនិងការយល់ដឹងពីខ្លួនឯងច្បាស់នឹងជួយអ្នកក្នុងទំនាក់ទំនងទាំងអស់មិនត្រឹមតែស្នេហាប៉ុណ្ណោះទេ ។
សរុបរួមមកវិញជីវិតនៅលីវអាចពេលខ្លះធ្វើអោយអ្នកមានអារម្មណ៍ថាឯកាប៉ុន្តែអ្នកគួរតែមើលលើភាពវិជ្ជមានដែលបានលើកឡើងខាងលើហើយសង្ឃឹមថាមិត្តអ្នកអានកុំជ្រើសរើសមនុស្សណាម្នាក់មកចូលក្នុងជីវិតក៏ព្រោះអ្នកគិតថាអ្នកឯកា សូមជ្រើសរើសព្រោះអ្នកគិតថាគេជាមនុស្សដែលត្រឹមត្រូវ។
អត្ថបទ៖ ស៊ីណា