“អង្ករដំណើបខ្មៅ” ទទួលបានការនិយមចូលចិត្តយ៉ាងខ្លាំងនៅទ្វីបអាស៊ី ហើយឥឡូវនេះវានឹងជាកំពូលអាហារជួរមុខនៅទ្វីបអឺរ៉ុបផងដែរ។ ពួកអ្នកវិទ្យាសាស្ត្រអាមេរិកបានឱ្យដឹងថា ធញ្ញជាតិនេះមានបរិមាណស្ករទាប ប៉ុន្តែសម្បូរទៅដោយសារជាតិសរសៃដ៏មានប្រយោជន៍សម្រាប់សុខភាព និងមានសារជាតិរំញោចដែលអាចជួយប្រឆាំងតបនឹងជម្ងឺបេះដូង និងមហារីក នេះបើតាមពួកជំនាញការបញ្ជាក់ឱ្យដឹង។
មុននេះរាប់សតវត្សរ៍មកហើយ អង្ករដំណើបខ្មៅត្រូវបានចាត់ទុកជាអាហារខ្ពង់ខ្ពស់ដែលមានតែស្ដេចប៉ុណ្ណោះទើបអាចបរិភោគបាន។ បច្ចុប្បន្ននេះអង្ករដំណើបខ្មៅជាប្រភពអាហារសំខាន់ក្នុងការស្រស់ស្រូបរបស់ប្រជាជនទ្វីបអាស៊ី ក្នុងម្ហូបជាលក្ខណៈ Sushi និងបង្អែមលាងមាត់។
អង្ករដំណើបខ្មៅសម្បូរវីតាមីនជាងអង្ករដំណើបស ព្រោះវាមានបរិមាណវីតាមីន E និងពពួកសារជាតិប្រឆាំងអុកស៊ីដរេដុកម្មខ្ពស់ជាង។
ពួកអ្នកវិទ្យាសាស្ត្រក៏ទូន្មានផងដែរថា គួរប្រើប្រាស់អង្ករដំណើបខ្មៅធ្វើជាសារជាតិបង្កើតពណ៌អាហារ ដោយវាមានលក្ខណៈធម្មជាតិផង និងល្អចំពោះសុខភាពផង។ តាមការស្រាវជ្រាវជាច្រើនបានឱ្យឃើញថា សារជាតិបង្កើតពណ៌មួយចំនួនរួមចំណែកបង្កជាជម្ងឺមហារីក និងបញ្ហាពាក់ព័ន្ធដល់សុខភាពរបស់កុមារថែមទៀតផង៕
ដោយ៖ អាពេជ្រ