Ketsueki-gata គឺជាពាក្យដែលមានន័យថា វិភាគបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ដោយផ្អែកលើប្រភេទឈាមរបស់ពួកគេ។ ពាក្យនេះត្រូវបានទទួលប្រជាប្រិយភាពចាប់តាំងពីទសវត្សឆ្នាំ ១៩៣០ដោយសាស្រ្តាចារ្យជនជាតិជប៉ុនឈ្មោះ Tokeji Furukawa ដែលបានបោះពុម្ពផ្សាយក្រដាសមួយដែលអះអាងថាប្រភេទឈាមនីមួយៗឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់មនុស្សដែលមានប្រភេទឈាមនោះ។ ដូច្នេះកុំចម្លែកចិត្តអីប្រសិនបើជនជាតិជប៉ុនសួរអ្នកអំពីប្រភេទឈាមរបស់អ្នក ជាពិសេសពេលសម្ភាសន៍ការងារឬក៏ជ្រើសរើសគូស្រករ ព្រោះពួកគេជឿជាក់ថាប្រភេទឈាមអាចឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណរបស់មនុស្សបាន។ ខាងក្រោមនេះនឹងបង្ហាញអ្នកអំពីបុគ្គលិកលក្ខណៈរបស់មនុស្សតាមប្រភេទឈាមនីមួយៗ៖
១. ប្រភេទក្រុមឈាម A
– បុគ្គលិកលក្ខណៈល្អ ៖ ជាមនុស្សស្មោះត្រង់ ចូលចិត្តភាពឥតខ្ចោះ តែងតែរៀបចំគម្រោងទុកជាមុន និងអនុវត្តយ៉ាងម៉ត់ចត់។ លើសពីនេះ មនុស្សប្រភេទក្រុមឈាមA ជាមិត្តភក្តិដែលអាចពឹងពាក់ និងទុកចិត្តបាន។ ពួកគេមិនចូលចិត្តបង្ហាញពីអារម្មណ៏ឬរឿងរ៉ាវក្នុងចិត្តទៅកាន់នរណាម្នាក់ទេលើកលែងតែពួកគេមានអារម្មណ៏ល្អចំពោះបុគ្គលនោះ។
– បុគ្គលិកលក្ខណៈមិនល្អ ៖ ជាមនុស្សគិតស្រមៃច្រើន ងាយនឹងប៉ះទង្កិចផ្លូវអារម្មណ៍ ទុទិដ្ឋិនិយម រឹងរូស ងាយនឹងកើតស្រ្តេស និងឆាប់ខឹង។
២. ប្រភេទក្រុមឈាម B
– បុគ្គលិកលក្ខណៈល្អ ៖ ជាមនុស្សចង់ចេះចង់ដឹងច្រើន រឹងមាំ ជាមនុស្សចេះសប្បាយ និង រីករាយជានិច្ច មានគំនិតច្នៃប្រឌិតខ្ពស់ ចូលចិត្តផ្សងព្រេង មានចិត្តងប់ងល់ជាមួយនឹងកិច្ចការដែលខ្លួនធ្វើ ស្វាហាប់និងងាយចុះចំណោមគេ។ ម្យ៉ាងវិញទៀត មនុស្សប្រភេទក្រុមឈាម B មានការគិតនិងចេះយល់ចិត្តអ្នកដទៃហើយនិងជាប្រភេទមិត្តដែលល្អនិងអាចទុកចិត្តបាន។
– បុគ្គលិកលក្ខណៈមិនល្អ ៖ជាមនុស្សអាត្មានិយម មិនចេះអត់អោន គ្មានទំនួលខុសត្រូវ ពិបាកទាយចិត្តទុកមុនបាន។
៣. ប្រភេទក្រុមឈាម AB
– បុគ្គលិកលក្ខណៈល្អ ៖ ជាមនុស្សមានមន្តស្នេហ៍ ជាមនុស្សដើរតាមសុបិន្តខ្លួនឯង យកចិត្តទុកដាក់នឹងអ្នកដទៃ មានហេតុផល ទុកចិត្តបាន ចេះសម្របទៅតាមស្ថានការណ៍ជាក់ស្ដែង និងមានគំនិតច្នៃប្រឌិតខ្ពស់។មួយវិញទៀតពួកគេក៏ជាមនុស្សដែលងាយនឹងរាប់អានមិត្តផងដែរ។
– បុគ្គលិកលក្ខណៈមិនល្អ ៖ ជាមនុស្សស្មុគស្មាញ ងាយនឹងរងគ្រោះ គ្មានទំនួលខុសត្រូវ មិនចេះអត់អោន គិតតែពីខ្លួនឯង ឆាប់ភ្លេច និង ចូលចិត្តវាយតម្លៃអ្នកដទៃ។
៤. ប្រភេទក្រុមឈាម O
– បុគ្គលិកលក្ខណៈល្អ ៖ មានភាពជាអ្នកដឹកនាំ ងាយរាប់អាន សុទិដ្ឋិនិយម មានភាពជឿជាក់ ស្ងប់ស្ងាត់ មានភាពប្រុងប្រយ័ត្នខ្ពស់ ស្មោះត្រង់ ជាមនុស្សឯករាជ្យ អាចជឿទុកចិត្តបាន គ្មានកង្វល់ច្រើន មានភាពលះបង់។ ចំណុចពិសេសម្យ៉ាងទៀតរបស់មនុស្សក្រុមប្រភេទឈាមOនេះគឺពួកគេត្រូវបានជនជាតិជប៉ុនហៅថាជាអ្នកចម្បាំង ពីព្រោះពួកគេរឹងមាំនិងមានភាពស៊ូទ្រាំខ្លាំង។ពួកគេជាមនុស្សស្មោះត្រង់និងស្អប់មនុស្សដែលលាក់បាំងការពិត។
– បុគ្គលិកលក្ខណៈមិនល្អ ៖ ចូលចិត្តច្រណែន មិនសូវមានមេត្តា មិនគោរពពេលវេលា ឈាមត្រជាក់ ពិបាកទាយចិត្តទុកមុនបាន ឈ្លក់វង្វេងនឹងខ្លួនឯង និងមានអំណួត។
សូមបញ្ជាក់ផងដែរថាបុគ្គលិកលក្ខណៈដែលបានរៀបរាប់ខាងទាំងអស់មិនបា្រកដថាត្រឹមត្រូវចំពោះមនុស្សគ្រប់គ្នាទាំងអស់នោះទេ។ដូច្នោះបន្ទាប់ពីបានអាននិងដឹងពីបុគ្គលិកលក្ខណៈទាំងល្អនិងមិនល្អរបស់ប្រភេទក្រុមឈាមនីមួយៗរួចមកតើមិត្តអ្នកអានគិតថាវាត្រឹមត្រូវនឹងបុគ្គលិកលក្ខណៈពិតរបស់លោកអ្នកប៉ុន្មានភាគរយដែរ?
អត្ថបទ៖ ស៊ីណា