ភ្នំពេញ៖ ក្រុមហ៊ុន The Habit Burger Grill ដែលមានបទពិសោធន៍ជាង៥០ឆ្នាំ លើប៊ឺហ្គឺររសជាតិឆ្ងាញ់បំផុតរបស់អាមេរិក នឹងបើកសាខាថ្មីបន្ថែមនៅអង្គស្នួល ខេត្តកណ្តាលនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ បើទោះបីជាពិភពលោកកំពុងជួបវិបត្តិបញ្ហាកូវីដ-១៩ ក៏ដោយ។
ក្រុមហ៊ុនភោជនីយដ្ឋាន ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាល្បីឈ្មោះ បានប្រកាសថា នឹងបើកដំណើរការភោជនីយដ្ឋានទី៣របស់ខ្លួន នៅខេត្តកណ្តាល ដោយមានការដៃគូសហការជាមួយនឹងក្រុមហ៊ុនកម្ពុជាតេលា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។
ក្រុមហ៊ុន The Habit Burger Grill ទទួលបានពានរង្វាន់ផ្តោតលើអាហារផ្សេងៗគ្នានៅសហរដ្ឋអាមេរិក។ The Habit បានបម្រើនូវប៊ឺហ្គឺររសជាតិឆ្ញាញ់បំផុតនៅអាមេរិកតាំងពីឆ្នាំ ១៩៦៩ ។
លោក Iwona Alter ប្រធានក្រុមហ៊ុន The Habit Burger Grill បានថ្លែងថា “យើងរីករាយនឹងបន្តការពង្រីកវត្តមាននៅទីផ្សារអន្ដរជាតិ ដោយចូលរួមសហការជាមួយដៃគូថ្មីរបស់យើងគឺក្រុមហ៊ុន Kampuchea Tela Company ដើម្បីពង្រីកទីតាំងរបស់យើងនៅកម្ពុជា”។
លោក បានបន្តថា “យើងទន្ទឹងរង់ចាំបង្កើតអ្នកគាំទ្រ Habit ថ្មីដោយអញ្ជើញពួកគេឱ្យរីករាយនឹងម្ហូបដែលធ្វើដោយដៃរបស់យើង និងទទួលបានបដិសណ្ឋារកិច្ចល្អបំផុត ហើយនិងប្រកបដោយបរិយាកាសស្វាគមន៍ដូចនៅកាលីហ្វ័រញ៉ាខាងត្បូង”។
The Habit កំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Kampuchea Tela Company ដើម្បីអភិវឌ្ឍ និងដំណើរការភោជនីយដ្ឋាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ បូ សល់