(AP)៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារលើក្រុមមនុស្សដែលកំពុងចូលរួមពិធីបុណ្យសពនៃនិស្សិតម្នាក់ដែលត្រូវបានបាញ់សម្លាប់ក្នុងការបង្រ្កាបបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា ។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ានៅថ្ងៃអាទិត្យទី ២៨ ខែមីនា ឆ្នាំ ២០២១ ។
អំពើហិង្សាដែលកំពុងកើនឡើងដែលបានឆក់យកអាយុជីវិតមនុស្សយ៉ាងតិច ១១៤ នាក់ កាលពីថ្ងៃសៅរ៍ ដែលក្នុងនោះមានក្មេងជាច្រើននាក់អាយុក្រោម ១៦ឆ្នាំ បានជំរុញឱ្យអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចោទប្រកាន់របបយោធាពីបទសម្លាប់រង្គាល ហើយក្រុមសិទ្ធិមនុស្សនេះក៏បានរិះគន់សហគមន៍អន្តរជាតិថាមិនបានធ្វើឱ្យបានគ្រប់គ្រាន់ដើម្បីបញ្ឈប់អំពើហិង្សានេះ។
ប៉ុន្តែរហូតដល់ពេលនេះបាតុកម្មនៅតែបន្ត ហើយការបង្រ្កាបដោយហិង្សាលើក្រុមបាតុករពីសំណាក់យោធា និងប៉ូលីសនៅតែកើតមានរៀងរាល់ថ្ងៃ ។ កាស្សែតក្នុងស្រុក Myanmar Nowបានរាយការណ៍ថាទាហានរបស់របបយោធាបានបាញ់រះលើក្រុមអ្នកចូលរួមបុណ្យសពលោកTae Maung Maung ជានិស្សិតអាយុ ២០ ដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ។ គាត់ត្រូវបានគេរាយការណ៍ថាជាសមាជិកនៃសហព័ន្ធនិស្សិតភូមាដែលមានប្រវត្តិគាំទ្រចលនាប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ។
យោងតាមការរាយការរបស់កាសែតMyanmar Nowដដែលបានឱ្យដឹងថា មនុស្សជាច្រើននាក់ដែលចូលរួមពិធីបុណ្យសពលោកTae Maung Maungត្រូវបានអាជ្ញាធរចាប់ខ្លួន តែមិនបាននិយាយថាតើមានអ្នករងរបួសឬស្លាប់នោះទេ ។
ពិធីបុណ្យសពនានានៅថ្ងៃអាទិត្យបានក្លាយជាឱកាសរបស់ពួកបាតុករធ្វើការតវ៉ាប្រឆាំងនឹងរបបយោធា ។
នៅពិធីបុណ្យសពមួយនាទីក្រុងBhamo រដ្ឋKachin អ្នកចូលរួមជាច្រើនបានស្រែកពាក្យស្លោកប្រជាធិបតេយ្យ ហើយបានលើកសញ្ញាម្រាមដៃ ៣ ដែលបានបង្ហាញជានិមិត្តរូបនៃការប្រឆាំងនឹងរដ្ឋប្រហារ ។ ក្រុមគ្រួសារនិងមិត្តភក្តិបានចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកស្រី Shew Myint អាយុ ៣៦ឆ្នាំ ដែលត្រូងកងកម្លាំងសន្តិសុខបាញ់សម្លាញ់កាលពីថ្ងៃសៅរ៍ ។
យោធាបានរឹបអូសយកសាកសពរបស់នាងហើយបដិសេធមិនប្រគល់សពវិញនោះទេ ទាល់តែក្រុមគ្រួសាររបស់នាងបានចុះហត្ថលេខាលើសេចក្តីថ្លែងការមួយថាការស្លាប់របស់នាងមិនមែនបណ្តាលមកពីពួកយោធានោះទេ ។ នេះបើយោងតាមការផ្សាយរបស់វិទ្យុសម្លេងប្រជាធិបតេយ្យភូមា ។
ដោយ៖ បូ សល់