ភ្នំពេញ៖ ជំងឺរាតត្បាតសកលកូវីដ-១៩ នឹងធ្វើឲ្យមនុស្សប្រមាណ ៣២លាននាក់ នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងពិភពលោក ធ្លាក់ចូលទៅក្នុងភាពក្រីក្រកម្រិតធ្ងន់។ ប្រទេសដែលមានការអភិវឌ្ឍតិចតួចទាំងនោះក៏រួមបញ្ចូល ទាំងប្រទេសកម្ពុជា ឡាវ និងភូមា ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់ភ្នាក់ងារ អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី០៩ ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះ។
សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នៅព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ បានចេញផ្សាយរបាយការណ៍ ក្រោមចំណងជើងថាប្រទសអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២០ ដោយបានបង្ហាញថា ប្រទេសដែលមាន ការអភិវឌ្ឍ តិចតួច(LDCs) នឹងធ្លាក់ចុះនូវប្រាក់ចំណូល ការរីករាលដាលនៃភាពគ្មានការងារធ្វើ និងឱនភាពសារពើពន្ធកាន់តែរីកធំ ដោយសារតែការរីករាលនៃ ជំងឺកូវីដ -១៩។ ការណ៍នេះនឹងជំរុញឲ្យប្រជាជនក្នុងប្រទេស៤៧ ដែលមានការអភិវឌ្ឍតិចតួច ចំនួនជាង៣២លាននាក់ ធ្លាក់ទៅកាន់ភាពក្រីក្រកម្រិតធ្ងន់។
របាយការណ៍ ដែលមានកម្រាស់ជិត២០០ទំព័រ និងមានប្រាំជំពូក បានលើកឡើងពី ការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសទាំងនោះ, សមត្ថភាពនៃផលិតកម្មរបស់ប្រទេសទាំងនោះ,យន្តការ ឬវិធានការក្នុងផលិតកម្ម, ការអភិវឌ្ឍទៅរកសេដ្ឋកិច្ចបែបឌីជីថល, រួមនឹងគោលនយោបាយសម្រាប់ផលិតកម្មនាទសវត្សរ៍បន្ទាប់។
របាយការណ៍ដដែលនេះបានឲ្យដឹងថា ការប៉ះពាល់ដំបូងលើវិស័យសុខាភិបាលពីជំងឺកូវីដ-១៩នៅក្នុងប្រទេសទាំងនោះ មិនមានលក្ខណៈធ្ងន់ធរ ប៉ុន្តែផលប៉ះពាល់មកលើសេដ្ឋកិច្ចគឺមានលក្ខណៈធ្ងន់ធ្ងរ។ ចាប់តាំងពីខែតុលា ឆ្នាំ២០១៩ រហូតមកដល់ ខែតុលា ឆ្នាំ២០២០ ការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះ មានការប្រែប្រួលពី ៥ភាគរយ ទៅជាកំណើនអវិជ្ជមាន០.៤ភាគរយ(-០.៤%)។
គួររំលឹកថាកាលពីពាក់កណ្តាលឆ្នាំ២០២០ កន្លងទៅ ធនាគារពិភពលោក ក៏បានព្យាករណ៍ថា ភាពក្រីក្រនៅកម្ពុជាក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី ៣ ទៅ ១១ ភាគរយ ដែលខ្ពស់ជាងកម្រិតនៅខ្សែបន្ទាត់គោល ឬនិយាយបានម៉្យាងទៀតថា កម្រិតនៅពេលដែលគ្មានជំងឺកូវីដ-១៩។ ពិសេស ក្នុងចំណោមក្រុម គ្រួសារ ដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗ មានជាអាទិ៍ វិស័យទេសចរណ៍, សំណង់, ពាណិជ្ជកម្ម, ឧស្សាហកម្មផលិត, និង ឧស្សាហកម្មកាត់ដេរ ប្រសិនបើពួកគេបាត់បង់ ចំណូល អស់៥០ភាគរយ សម្រាប់រយៈពេលប្រាំមួយខែជាប់ៗគ្នា។
អគ្គលេខាធិការនៃអង្គការ UNCTAD លោក Mukhisa Kituyi បានសរសេរថា ប្រទេសដែលអភិវឌ្ឍតិចតួច បច្ចុប្បន្ននេះ កំពុងតែរងគ្រោះខ្លាំងពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួន ដែលមិនធ្លាប់មាននារយៈពេល៣០ឆ្នាំចុងក្រោយនេះ។ លោកបន្ថែមថា ស្តង់ដារនៃការរស់នៅរបស់គេ ដែលកំពុងតែស្ថិតក្នុងកម្រិតទាបស្រាប់នោះ ពេលនេះកាន់តែថយចុះបន្ថែមទៀត ខណៈ ដែលអត្រានៃភាពក្រីក្របន្តកើនឡើងនាពេលកូវីដ១៩នេះ។
សូមជម្រាបជូនថា ក្រសួងសេដ្ឋកិច្ចកម្ពុជាក៏បានព្យាករថា នៅឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម១.៩% (-១.៩%) ប៉ុន្តែ ធនាគារពិភពលោកវិញព្យាករថា អាចធ្លាក់ក្រោម ២.៩% (-២.៩%) ខណៈធនាគារអភិវឌ្ឍន៍អាស៊ី ADB ថា សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះក្រោម ២.៣% (-២.៣%)៕
ដោយ៖ បូ សល់