កោះកុង៖ កម្ពុជា-ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងតំបន់ឆ្នេរ និងវិទ្យាស្ថានទេសចរណ៍គួយលីន ដែលប្រារព្ធឡើងរួមគ្នាតាមរយៈអនឡាញនៅទីតាំងបីកន្លែងផ្សេងគ្នាគឺខេត្តកោះកុង ទីក្រុងធានជីង និងទីក្រុងគួយលីន។
លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹង នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំឱ្យកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ។

 


លោកបានបន្តថា វិស័យទេសចរណ៍កម្ពុជាត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)។
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ តាមរយៈការរៀបចំឱ្យមានកម្មវិធីហ្វឹកហ្វាត់ការងារសម្រាប់សិស្ស និស្សិត និងបុគ្គលិក ព្រមទាំងការបង្កើតឱ្យមានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងស្រាវជ្រាវនវានុវត្តន៍ទេសចរណ៍-វប្បធម៍កម្ពុជា-ចិន ដែលនឹងចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ៕

ដោយ៖ បូ សល់