លោកជំទាវ ឱ វណ្ណឌីន រំឭកប្រជាពលរដ្ឋកុំធ្វេសប្រហែស ទោះបីមានវ៉ាក់សាំងហើយក៏ដោយ ។
ក្រោយមួយសប្ដាហ៍ប្រទេសកម្ពុជារកឃើញករណីឆ្លងជំងឺ កូវីដ-១៩ ក្នុងសហគមន៍ដំបូង តែនៅថ្ងៃទី៧ ខែធ្នូ ប្រជាជនខ្មែរមានការរំភើបរីករាយក្រោយពីមានប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីថា ប្រទេសយើងនឹងមានវ៉ាក់សាំងការពារជំងឺកាចសាហាវមួយនេះ ក្នុងពេលឆាប់ៗខាងមុខ ។
លោកជំទាវ រដ្ឋលេខាធិការ បានអំពាវនាវថា ៖ «ទោះបីជាយើងមានវ៉ាក់សាំងក៏ដោយ វ៉ាក់សាំងនេះមិនមែនជាចម្លើយតែមួយគត់សម្រាប់ការការពារមិនឲ្យមានការចម្លងនូវវីរុស កូវីដ-១៩ នោះទេ។ ខ្ញុំសូមធ្វើការបញ្ជាក់ម្ដងទៀត។ មិនមែនថាឥឡូវមានវ៉ាក់សាំងហើយ គឺលែងខ្វល់ លែងធ្វើអីទាំងអស់ មិនមែនទេ! នេះគឺជាគ្រោះថ្នាក់!»
បន្ថែមពីនេះ លោកជំទាវ វេជ្ជបណ្ឌិត បានរំឭកនូវសាររបស់អង្គការសុខភាពពិភពលោក កំពុងអំពាវនាវដល់ប្រទេសទាំងអស់ថា «នៅពេលដែលមានវ៉ាក់សាំងយកមកប្រើប្រាស់ហើយ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវភ្លេចអំពីវិធានការការពារខ្លួន» ។
វិធានការការពារខ្លួននេះមានបីចំណុចសំខាន់ដែលលោកជំទាវ អ្នកនាំពាក្យក្រសួងសុខាភិបាល ស្នើឲ្យអ្នកទាំងអស់គ្នាអនុវត្តជាប្រចាំនូវចំណុចបីគឺ ៖ ការពាក់ម៉ាស់ ការលាងដៃ និង រក្សានូវគម្លាតសុវត្ថិភាពបុគ្គលឲ្យលើសពី ១ ម៉ែត្រកន្លះ ។
អត្ថបទ៖ ម៉ីស៊ិន