ភ្នំពេញ៖ កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលទទួលបានការអនុគ្រោះពន្ធច្រើនជាងគេក្នុងបណ្តាប្រទេសជានៅអាស៊ី។ ក្នុងនោះមិនថាតែនៅសហគមន៍អ៊ឺរ៉ុប ឬអាស៊ីទេ ភាគច្រើនបានផ្តល់ភ្លើងខៀវឱ្យកម្ពុជា នាំចេញទំនិញសឹងតែគ្រប់មុខទៅប្រទេសរបស់ខ្លួន ដោយមិនចាំបាច់បង់ពន្ធឡើយ។
យោងតាមចុះផ្សាយរបស់សមាគមកាត់ដេរកម្ពុជា បានឱ្យដឹងថា តាមវិធានថ្មីសម្រាប់ឆ្នាំ ២០២១ ដែលចេញដោយនាយកដ្ឋានពាណិជ្ជកម្មអន្តជាតិរបស់អង់គ្លេសកាលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថា ប្រទេសអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ហើយរយៈពេលអន្តរកាលបន្ទាប់ពី Brexit នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ ប្រទេសដែលមានលក្ខណៈសម្បត្តិ ជាប្រទេសកំពុងអភិវឌ្ឍ និងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈ GSP របស់អង់គ្លេស។
ប្រព័ន្ធ GSP របស់អង់គ្លេសនេះដំបូងនឹងផ្តល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូចជា GSP របស់សហភាពអឺរ៉ុបដែរ។ប្រព័ន្ធ GSP របស់អង់គ្លេសនឹងមានក្របខ័ណ្ឌចំនួន ៣ ៖ ក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត ក្របខ័ណ្ឌទូទៅ និងក្របខ័ណ្ឌប្រសើរឡើង។
ក្នុងនោះកម្ពុជាក៏ត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថាជាប្រទេសអភិវឌ្ឍតិចតួចបំផុត គឺស្ថិតនៅក្នុងក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចបំផុត។ហេតុដូច្នេះ កម្ពុជានឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតតូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធនិងគ្រឿងផ្ទុះតែប៉ុណ្ណោះ។នេះគឺដូចគ្នានឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សភាពអឺរ៉ុប ។
សូមជម្រាបជូនថា ចិន និងកម្ពុជា គ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ខាងមុខនេះ។ កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានដល់ប្រមាណជាង ៨ពាន់លានដុល្លារ កើនឡើង២៧% ធៀបនឹងឆ្នាំ២០១៨។ កម្ពុជានាំចេញទំនិញទៅប្រទេសចិនគិតជាទឹកប្រាក់កើនឡើងដល់១ពាន់លានដុល្លារ ខណៈនាំចូលពីចិនវិញក្នុងទឹកប្រាក់ជិត៧ពាន់លានដុល្លារ។ ភាគច្រើននៃទំនិញនាំចូលពីចិនជាគ្រឿងចក្របំរើឲ្យតម្រូវការផ្នែកសំណង់ រីឯទំនិញកម្ពុជានាំចូលទៅចិនភាគច្រើនជាផលិតផលកសិកម្ម៕
ដោយ៖ បូ សល់