ភ្នំពេញៈ នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២១កន្លងទៅ បើទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈម ទៅនឹងការរីករាលដាលនៃព្រឹត្តិការណ៍២០កុម្ភៈ កំពុងអូសបន្លាយក៏ដោយ ប៉ុន្តែសគម្រោងវិនិយោគថ្មីៗកម្ពុជា ទទួលបានចំនួន២៧គម្រោងថ្មីបន្ថែមទៀត ដែលមានទំហំទុនសរុបជិត៧៥០លានដុល្លារ។
តាមរយៈកំណត់ត្រាដែលចេញផ្សាយ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗបន្ថែមទៀត ចំនួន២៧គម្រោង ដែលមានទំហំទុនសរុបចំនួន៧៤៦.៣លានដុល្លារ និងផ្តល់ឱកាសការងារបានចំនួន១៩ ២៦៨កន្លែង។
ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ការសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំង២៧ខាងលើនេះ ភាគច្រើន ជាគម្រោងបង្កើតរោងចក្រក្នុងវិស័យកាត់ដេរ វាយនភណ្ឌ កាបូប ហើយក្រៅពីនោះមានរោងចក្រផលិតសំបកកង់យានយន្ត គ្រឿងបន្លាស់ ផលិតសាឡុង គ្រែ គ្រឿងសង្ហារឹម អេឡិចត្រូនិក និងគម្រោងសាងសង់មន្ទីរពេទ្យ រួមទាំងគម្រោងបង្កើតរោងចក្របន្ថែមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាដើម។
កាលពីឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣៨គម្រោង ឬស្មើនឹងទុនវិនិយោគសរុបប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក ដោយតម្លៃទុនវិនិយោគនេះ គឺធ្លាក់ចុះ១២ភាគរយបើធៀបនឹងឆ្នាំ២០១៩៕
ដោយ៖ បូ សល់