ព្រះវិហារ៖ អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកចំនួន១០៩រូបត្រូវបានប្រកាសកែសម្រួល និងបញ្ចូលសមាជិកថ្មីជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ខូយ ប៊ុនថាន អនុប្រធានកិត្តិយស សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ដែលពិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំ សាលាស្រុកចំនួន២គឺស្រុករវៀង និងស្រុកសង្គមថ្មី ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ចឹក ហេង ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ អភិបាល/អភិបាលរងស្រុក ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំង សមាជិក សមាជិកា គណៈកម្មាធិការ អនុសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជាច្រើនរូបទៀតផង។
លោកជំទាវ ចឹក ហេង បានថ្លែងឲ្យដឹងថា កន្លងមកសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ស្រុក បានធ្វើ សកម្មភាពជាច្រើន ផ្សារភ្ជាប់ជាមួយរដ្ឋបាលស្រុក ហើយសហការបានយ៉ាងល្អជាមួយសមាគមនារីខេត្ត ក្នុងការ ចូលរួមចុះសួរសុខទុក្ខ និងនាំយកនូវថវិកា ដើម្បីលើកស្ទួយស្រ្តីនៅតាមមូលដ្ឋាន ព្រមទាំងបានចូលរួមយ៉ាងសកម្ម ក្នុងការដោះស្រាយរាល់អំពើហិង្សាក្នុងគ្រួសារជាដើម។
លោកជំទាវ ចឹក ហេង ក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំស្រុកដែលបានលើកកម្ពស់ និងផ្តល់ឱកាសដល់មន្ត្រីរាជការជានារី បានធ្វើការកែសម្រួល និងបំពេញបន្ថែមសមាសភាពអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ស្រុក ដែលសកម្មភាពនេះ នឹងរឹតតែជួយជំរុញឱ្យមន្ត្រីរាជការជានារី បានរួមចំណែកកាន់តែ សកម្មថែមទៀត ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុក “ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម”។
ក្នុងឱកាសនោះផងដែរ លោកជំទាវ ខូយ ប៊ុនថាន អនុប្រធានកិត្តិយស សាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានណែនាំដល់សមាជិកភាពដែលបានតែងតាំងថ្មី ត្រូវអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ពង្រឹងចំណេះដឹងរបស់ខ្លួនឲ្យមានការវិវត្តន៍រីកចម្រើនជាលំដាប់ ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយអង្គការ ស្ថាប័នដទៃ និងផ្នែកឯកជនដើម្បីលើកកម្ពស់ស្រ្តី និងធានាការផ្តល់សេវាជូនប្រជាជនឲ្យកាន់តែល្អប្រសើរថែមទៀត ដូចជាការខិតខំ ការពារនូវសមិទ្ធផលដែលបានកសាង សំដៅរួមចំណែកសម្រេចគោលដៅនៃការកាត់បន្ថយភាពក្រីក្រ។
លោកជំទាវក៏បានផ្តល់នូវអនុសាសន៍ល្អៗ និងលើកទឹកចិត្តដល់មន្រ្តីរាជការជាស្រ្តី ដែលកំពុងបំរើការងារក្នុងគោលបំណង អភិវឌ្ឍន៍លើកកម្ពស់សមត្ថភាពនៅក្នុងស្ថាប័ន ក៏ដូចជាធ្វើយ៉ាងណាឲ្យក្លាយជាអ្នកដឹកនាំ និងជាម្តាយល្អ ដើម្បីទទួលបាន សន្តិភាព និងសុភមង្គល នៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ ៕
ប្រភព៖ ក្រសួងព័ត៍មាន