ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ខ្លួននឹងគ្រោងកែលម្អសួនច្បារមុខ ក្រសួងការពារជាតិឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង កាន់តែទាក់ទាញសម្រួលដល់ការធ្វើដំណើរ និងមានទីធ្លាសម្រាប់ពលរដ្ឋហាត់ប្រាណ។
ឯកឧត្តម ឃួង ស្រេង អភិបាលអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះថា រដ្ឋបាលរាជធានីភ្នំពេញគាំទ្រទំាងស្រុង ចំពោះគម្រោងកែលម្អសួនច្បារនេះ ព្រោះវាបានជួយលើកសម្រស់ផ្លូវនេះឱ្យកាន់តែស្រស់ស្អាត ខណៈដែរភ្ញៀវទេសចរអន្តរជាតិបានធ្វើដំនើរឆ្លងកាត់ច្រើន។
ឯកឧត្តម បានណែនាំឱ្យមន្រ្តីជំនាញសាលារាជធានីភ្នំពេញ និងក្រសួងការពារជាតិត្រូវសិក្សា គម្រោងកែលម្អសួនច្បារនេះ ឱ្យបានច្បាស់លាស់ ហើយមានភាពស៊ីគ្នារវាងសួនច្បារចាស់នឹងសួនច្បារថ្មី ដើម្បីឱ្យតំបន់នេះបានស្រស់ស្អាតទំាងព្រម ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើរបងថ្មយ៉ាងស្រស់ស្អាត នៅមុខទីស្តីការគណៈរដ្ឋមន្រ្តី ការកែលម្អរង្វង់មូលក្តាន់២ និងការរៀបចំប្រព័ន្ធចរាចរណ៍ផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា គម្រោងកែលម្អសួនច្បារនេះ អាចនឹងស្ថាបនារួចរាល់ព្រមៗគ្នា ជាមួយនឹងគម្រោងស្ថាបនាអគារទីស្តី ការក្រសួងការពារជាតិថ្មី ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរង្វង់ខែមិថុនា ឆ្នាំ២០២១នេះ។ បន្ទាប់មកតំបន់នេះ នឹងមានលំហូរចរាចរណ៍ធ្វើដំណើរងាយស្រួលឡើងវិញ មិនប្រឈមនឹងការកកស្ទះដូចសព្វថ្ងៃឡើយ។
ដូច្នេះនេះដែរ លោកឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជានាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិបានមានប្រសាសន៍ថា គម្រោងកែលម្អសួនច្បារមុខទីស្តីការ ក្រសួងពារជាតិនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាពទំាងក្រសួង និងសួនច្បារឱ្យមានភាពស្រស់ស្អាតបន្ស៊ីគ្នាប៉ុណ្ណោះទេ គឺបានបើកឱ្យមានចរាចរណ៍ចេញចូលងាយស្រួលផងដែរ។
សូមជម្រាបដែរថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋ មានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាងធំទូលាយជាងមុន ៕
អត្ថបទ៖ ស្រេង ចំរើន