កំពង់ឆ្នាំងៈ ជាអតីតរាជធានីខ្មែរ ដែលបានចាប់ផ្តើមពីឆ្នាំ១៩២៥ ដល់ឆ្នាំ១៥៩៣ រាជធានីខ្មែរមួយនេះ បានរលំ រាជធានីដែលមានកិត្យានុភាព និងល្បីសុះសាយក្នុងប្រវត្តិសាស្ត្រ ដោយសារការកសាងកំពែងពីដើមឬស្សីនេះ បានរស់ឡើងវិញហើយ បន្ទាប់ពីមានការបោះបង់ចោលអស់រយៈពេលរាប់រយឆ្នាំ។
បច្ចុប្បន្នអ្នកវិនិយោគក្នុងស្រុក និងអ្នកមាននិន្នាការជាតិនិយមមួយក្រុម បានរៀបចំផែនការម៉ត់ចត់ និងច្បាស់លាស់លើផ្ទៃដីជាង១០០ហិកតា ពិសេសមានការដាំដើមឬស្សី១២ប្រភេទ ប្រមាណ៥០,០០០ដើម ដើម្បីទុកជាការរំលឹកឡើងវិញនូវអតីតកាល និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនា និងបានសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ខ្មែរ កុំឲ្យមកលងម្តងទៀត។
លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ដែលជាអ្នកផ្តួចផ្តើមកសាង គំរោងអភិវឌ្ឍន៍បែបទេសចរណ៍ប្រវត្តិសាស្ត្រ ដោយប្រសិទ្ឋនាមគំរោងនេះថា “រាជនីលង្វែក” លើផ្ទៃដីជាង១០០ហិកតា នៅតំបន់ក្រុងលង្វែកបានមានប្រសាសន៍ថា ក្នុងប្រវត្តិសាស្ត្របានសរសេរពីលោកតាឃ្លាំង មឿងបានសម្លាប់ខ្លួនធ្វើជាទ័ពខ្មោច ដើម្បីសង្គ្រោះប្រទេសជាតិ ហេតុនេះការរៀបចំគំរោងរាជនីលង្វែងកនេះ ខ្ញុំមានមហិច្ឆតាលោភលន់ហួសប្រមាណ ពីការស្មានទុករបស់ខ្លួន ដោយហាក់មានវិញ្ញាណមួយបានជួយខ្ញុំ គិតបែងចែករៀបចំរមណីយដ្ឋាននេះ ដើម្បីរំលឹកដល់អតីតព្រះមហាក្សត្រ ដែលបានពលីជីវិតទៅ។
លោកជំទាវបន្តថា “ការដាក់ឈ្មោះរមណីយដ្ឋាននេះ ដោយសារខ្ញុំស្រលាញ់ទឹកដី លង្វែក និងរំលឹកដល់បុត្រីព្រះមហាក្សត្រខ្មែរព្រះបានច័ន្ទរាជា ដែលមានព្រះនាមវលក្ខណ៍” ។ លោកស្រីបន្តថា “ការដាក់ឈ្មោះរាជនីលង្វែកនេះ ពោរពេញដោយព្រៃឬស្សី ដែលខ្ញុំបានប្រមូលឬស្សី១២ប្រភេទ និង៥០០០០ដើមយកមកដាំនៅទីនេះ និងលំអរដោយថ្ម ធម្មជាតិ” ។
តំបន់នេះរៀបចំជាពិសេស គឺពោរពេញដោយព្រៃឬស្សី ព្រោះអតីតរាជធានីលង្វែក ពោរពេញទៅដោយឬស្សីបន្លា ប៉ុន្តែគំរោងនេះបានដាំឬស្សីគ្រប់ប្រភេទ មានទាំងឬស្សីផ្អែម ឬស្សីបន្លា ឬស្សីពីងពង់ ឬស្សីយក្សជាដើម។
លោកស្រីសៀវ ចាន់ហេង បានបន្តថា លើសពីនេះ យើងបានរៀបចំជាថ្ម ដែលជាថ្ម បានដឹកពីបណ្តាខេត្តនានាដូចជា ខេត្តពោធិសាត់ បាត់ដំបង ព្រះវិហារ តាកែវ ក្រចេះជាដើម ដើម្បីរៀបចំជាផ្ទាំងសិលា ជាប្រាសាទ ជាស្ពាន និយាយរួមសំណង់នៅក្នុងគំរោងនេះមិនប្រើបេតុង ព្រោះដើម្បីឲ្យមានភាពទាក់ទាញ និងឲ្យស័ក្តិសមជារមណីយដ្ឋានរាជនីលង្វែក។
លោកជំទាវបន្តថា អ្នកជំនាន់ក្រោយនេះ ទាំងខ្ញុំនិងអ្នកសិក្សារៀនសូត្រដទៃទៀត ក៏ធ្លាប់បានលឺថា សម័យលង្វែងពោរពេញទៅដោយព្រៃឬស្សី ហើយក៏មានការនិយាយតៗគ្នាថា យើងបាក់បែកនគរ ដោយសារសៀមបានបាច “ប្រាក់ឌួង” ហើយប្រជាពលរដ្ឋខ្មែរចូលទៅកាប់ព្រៃឬស្សីចោល ប៉ុន្តែធាតុពិតម្នាក់ៗបានភ្លេចគិតពីសម័យលង្វែកថា សម័យនោះមានរាជធានីដ៏ធំ ដែលមានការរៀបចំថ្មភក់ ប្រសាទដូចយើងបានរៀបចំនាពេលនេះ ប៉ុន្តែយើងមិនបានដឹង។
លោកជំទាវបន្តថា “អញ្ចឹងដើម្បីឲ្យកូនខ្មែរដឹងថា រាជធានីលង្វែងមានទំហំធំបែបណា ទើបយើងរៀបចំរមណីយដ្ឋាននេះឡើង ដើម្បីឲ្យកូនខ្មែរបានដឹង ព្រោះបើពុំមានសម័យលង្វែក ក៏យើងមិនមានសម័យកាលនេះដែរ” ។
ជាមួយនឹងគំរោងដ៏ធំ និងប្រកបដោយមហិច្ចតានេះ អ្នកវិនិយោគបានដាំសួនស្លា សួនផ្កាជាច្រើន និងការកសាងសំណង់ជាសមិទ្ឋផលបុរាណ និងធ្វើទីប៉មសំរាប់ធ្វើជាកន្លែងផ្សងសំណាងសំរាប់អ្នកទៅកំសាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិ។
លោកជំទាវ បានបញ្ជាក់ថាដោយលើកឡើង ពីការប្តេជ្ញាចិត្តរបស់ខ្លួនថា “ខ្ញុំប្តេជ្ញាខិតខំរៀបចំទីនេះឲ្យមានសោភ័ណភាពស្រស់បំព្រង ពិសេសធ្វើឲ្យមានផ្ទៃទឹកត្រជាក់ល្ហឹម និងកន្លែងកំសាន្ត ដែលភ្ញៀវជាតិ អន្តរជាតិអាចមកកំសាន្តម្តងហើយ មកម្តងទៀត៕
ដោយ៖ បូ សល់