(Reuters)៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ អ្នកស្រី Wang Mei-huaបានថ្លែងនៅថ្ងៃសៅរ៍ទី២០ ខែកុម្ភៈ ឆ្នាំ ២០២១នេះថា អ្នកស្រីបានទទួលលិខិតផ្លូវការមូយពីសេតវិមានអំពីកង្វះខាតបន្ទះឈីបសម្រាប់រថយន្តនៅក្នុងសកលលោក ហើយអ្នកស្រីឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិចតៃវ៉ាន់កំពុងតែដុតដៃដុតជើងធ្វើកិច្ចការដែលពួកគេត្រូវធ្វើដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនេះ ។
កង្វះខាតការផ្គត់ផ្គង់បន្ទះឈីបបានបង្កបញ្ហាជាច្រើនដល់ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក ដែលក្នុងករណីខ្លះពួកគេត្រូវកាត់បន្ថយការផលិតសំខាន់ៗទៀតផង ។
ក្នុងសប្តាហ៍នេះ លោកBrian Deeseទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់លោកប្រធានាធិបតី ចូ បៃដិនបានថ្លែងអំណរគុណចំពោះអ្នកស្រីWangដែលអ្នកស្រីបានព្យាយាមដោះស្រាយបញ្ហាខ្វះខាតនេះដោយរួមសហការជាមួយបណ្តារោងចក្រនានានៅកោះតៃវ៉ាន់។
អ្នកស្រីWangបានប្រាប់អ្នករាយការណ៍ព័ត៌មានថា អ្នកស្រីបានទទួលលិខិតនោះនៅយប់ថ្ងៃសុក្រទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយបន្ថែមថាអ្នកស្រីបានជួបប្រជុំជាមួយក្រុមអ្នកផលិតផលឈីបក្នុងស្រុកដើម្បីពិភាក្សាអំពីបញ្ហានោះរួចហើយ ដែលនេះអ្នកស្រីសំដៅដល់កិច្ចប្រជុំនានាដែលអ្នកស្រីបានចូលរួមនៅប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ។
អ្នកស្រីថ្លែងថា «អ្វីៗដំណើរការទៅមុខដោយរលូន ។ រោងចក្រនានាកំពុងតែធ្វើកិច្ចការដែលពួកគេគួរធ្វើ ។»
អ្នកស្រីបន្ថែមថា នេះជាបញ្ហាដែលប៉ះពាល់ដល់រោងចក្រផលិតរថយន្តជុំវិញពិភពលោក ទាំងនៅអាមេរិក ជប៉ុន និងអឺរ៉ុប ហើយតៃវ៉ាន់គឺជាអ្នកផ្គត់ផ្គត់ដ៏សំខាន់មួយ ។
អ្នកស្រីថ្លែងទៀតថា «យើងនឹងជួយឱ្យអស់ពីសមត្ថភាពដែលយើងអាចធ្វើបាន ។»
កង្វះបន្ទះឈីបបាននិងកំពុងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា Volkswagen, Ford Motor Co, Subaru Corp, Toyota Motor Corp, Nissan Motor Co Ltd, Fiat Chrysler Automobiles និងក្រុមហ៊ុនផលិតរថយន្តដទៃផ្សេងទៀតជាច្រើន ។
ក្រុមហ៊ុនផលិតបន្ទះឈីប រូមទាំងក្រុមហ៊ុនTaiwan Semiconductor Manufacturing Co, Ltd (TSMC) ដែលជាក្រុមលផលិតបន្ទះឈីបធំជាងគេបំផុតក្នុងពិភពលោក បានសន្យាថានឹងផ្តោតអាទិភាពលើការផលិតបន្ទះឈីបឱ្យបានកាន់តែច្រើនថែមទើត ។
បញ្ហាបន្ទះឈីបនេះបានក្លាយជាកិច្ចការការទូតមួយផងដែរ ។ ដូចនឹងលិខិតរបស់សហរដ្ឋអាមេរិកដែរ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ក៏បានផ្ញើលិខិតជូនអ្នកស្រីWangដើម្បីសុំជំនួយផងដែរ ។
ដោយ៖ បូ សល់