(Reuters)៖ ស្ថាបនិកក្រុមហ៊ុនAmazon មហាសេដ្ឋី Jeff Bezos បានប្រកាសនៅថ្ងៃពុធ ទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ថាលោកនឹងលាលែងតំណែងពីនាយកប្រតិបត្តិក្រុមហ៊ុននៅពេលដ៏ខ្លី ។
លោក Andy Jassy ប្រធានផ្នែកវេបសាយAmazon នឹងត្រូវជំនួសតំណែងលោកមហាសេដ្ឋីJeff Bezos ក្នុងនាមជានាយកប្រតិបត្តិរបស់Amazon.com ។
លោក Jeff Bezos បានថ្លែងថា ការលាលែងតំណែងនេះ មិនមែនព្រោះលោកចង់ចូលនិវត្តនោះទេ ។ ចុះតើលោកមហាសេដ្ឋីរូបនេះនឹងធ្វើអ្វីក្រោយពីលោកលាលែងតំណែងពីនាយកប្រតិបត្តិAmazon ?
ក្នុងលិខិតមួយដែលលោកសរសេរទៅកាន់បុគ្គលិករបស់ខ្លួន លោកBezosបានថ្លែងថា លោកនឹងនៅតែរួមការងារជាមួយនឹងបុគ្គលិកAmazonដដែលដោយលោកនឹងធ្វើជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ហើយលោកនឹងយកពេលវេលាផ្តោតលើគម្រោងដទៃជាច្រើនទៀត ។
ខាងក្រោមនេះ ជាការងារដែលលោកត្រូវបំពេញពេលលោកលាលែងតំណែង៖
នៅAmazon៖ ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាភិបាល លោកBezos និយាយថា លោកគ្រោងនឹងផ្តោតសំខាន់លើផលិតផលថ្មីៗ និងបង្កើតគំនិតថ្មីៗ។
គម្រោង Day 1 Fund៖ នេះគឺជាគម្រោងសប្បុរសធម៌មួយដែលប្រកាសដំបូងនៅខែកញ្ញា ឆ្នាំ ២០១៨ ក្នុងការផ្តល់រជំនួយដល់អង្គការក្រៅរដ្ឋាភិបាលមិនរកផលកម្រៃ ដែលធ្វើការជួយគ្រួសារគ្មានផ្ទះសំបែង ក្រក្រីគ្មានទីពឹង ។
ក្រុមហ៊ុន Blue Origin៖ នេះគឺជាក្រុមហ៊ុនស្រាវជ្រាវលំហអាកាសរបស់លោកJeff Bezos ដែលមានបំណងធ្វើឱ្យការដំណើរក្នុងលំហកាន់់តែចំណាយតិច ដោយប្រើប្រាស់យានអវកាសដែលអាចប្រើប្រាស់បានច្រើនដង ។ ពេលនេះក្រុមហ៊ុនកំពុងតែធ្វើតេស្តសាកល្បងប្រព័ន្ធរ៉ូកែត និងយានអវកាសហោះទៅឋានព្រះចន្ទដែលមានឈ្មោះថា Blue Moon ដែលបេសកម្មទីមួយគ្រោងនឹងធ្វើដំណើរទៅឋានព្រះចន្ទនៅឆ្នាំ ២០២៤ ។
គម្រោង Bezos Earth Fund៖ កាលពីឆ្នាំទៅ លោកBezosបានប្រកាសការប្តេជ្ញាចិត្តថាលោកនឹងចំណាយប្រាក់ ១០ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភដល់អ្នកវិទ្យាសាស្រ្ត សកម្មជន អង្គការមិនរកផលចំណេញ អ្នកក្រុមមនុស្សដទៃទៀតដដែលតស៊ូការពារបរិស្ថាន និងប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ លោកបានប្រកាសឱ្យដឹងថាមានអ្នកទទួលបានមូលនិធិដំបូង ចំនួន ១៦ ស្ថាប័ន ដែលសរុបជាសាច់ប្រាក់ចំនួន ៧៩១ លានដុល្លារដែលជាជំនួយឥតសំណងទាំងអស់ ។
The Washington Post៖ លោកBezosបានទិញកាសែតអាមេរិកមួយនេះ នៅឆ្នាំ២០១៣ ហើយកាសែតនេះត្រូវបានគេទទួលស្គាល់ថាបានកែលម្អយីហោឱ្យក្លាយទៅភ្នាក់ងារផ្សាយសារព័ត៌ដ៏មានឥទ្ធិពលមួយក្នុងប្រព័ន្ធផ្សព្វផ្សាយអនឡាញ ។
ដោយ៖ បូ សល់