ឯកឧត្តម ឃួង ស្រេង ឱ្យដឹងថា ក្រោយការផ្ទុះឡើងជាលើកទី៣ នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ជាពិសេសបានបង្កើតគណៈបញ្ជាការ ស្រាល និងបង្កើនកម្លាំងយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង តាមបណ្តាមន្ទីរពេទ្យព្យាបាល និងគោលដៅចត្តាឡីស័កទាំងរដ្ឋ និង ឯកជន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះ ហើយត្រូវបានកំណត់ថាជាទីតាំងចត្តាឡីស័ក។
យោងតាមសេចក្តីណែនាំរបស់ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីជំរុញនិងគាំទ្រដល់ការអនុវត្តវិធានការចត្តាឡីស័ក ឱ្យកាន់តែមានប្រសិទ្ធភាព ផ្អែកតាមគោលការណ៏អនុញ្ញាតដ៏ខ្ពង់ខ្ពស់ បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកកិច្ចប្រជុំរួមគ្នា និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង QR Code ទប់ស្កាត់កូវីដ Stop Covid តាមបណ្តាអង្គភាពរដ្ឋ និងអាជីវកម្មដ្ឋានក្នុងរាជធានីភ្នំពេញ ដែលនេះគឺជាផ្នែកមួយចូលរួមបង្ការ-ទប់ស្កាត់ការ រីករាលដាលជាសកលជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
តាមរយៈយន្តការខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា បណ្តាទីតាំងឯកជនដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ត្រូវបានកំណត់ថាជាទីតាំងចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក តាមបណ្តា គោលដៅឯកជនទាំងនោះ ភាគច្រើនលើសលុបបានអនុវត្តយ៉ាងត្រឹមត្រូវតាមវិធានចត្តាឡីស័ក ប៉ុន្តែក៏នៅមានក្រុមមនុស្ស ពាក់ព័ន្ធមួយចំនួនតូច បានធ្វើល្មើសនឹងវិធាននេះ ដោយអនុវត្តមិនបានពេញលេញ ដូចជា គេចវេះមិនព្រមសហការជាមួយ អាជ្ញាធរមូលដ្ឋាន មិនស្តាប់តាមការណែនាំរបស់មន្ត្រីសុខាភិបាល និងមានបុគ្គលខ្លះបានលួចចេញមកខាងក្រៅ ក្នុងអំឡុង ពេលធ្វើចត្តាឡីស័កដែលអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សហគមន៍ និងសុខភាពសាធារណៈទាំងមូលចំពោះមុខ ដើម្បីរឹតបន្តឹងការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជន ផ្តោតសំខាន់លើលំនៅឋានឯកជន អគារស្នាក់នៅរួម និងអាជីវកម្មដ្ឋានទាំងឡាយ ដែលជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងត្រូវបានកំណត់ថាជាទីតាំងចត្តាឡីស័ក នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹក និងណែនាំឱ្យប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលត្រូវដាក់ឱ្យធ្វើ ចត្តាឡីស័កតាមគោលដៅឯកជនទាំងឡាយ ត្រូវនៅក្នុងផ្ទះឬបន្ទប់ដាច់ដោយឡែកគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេល ១៤ ថ្ងៃ គឺហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬ បន្ទប់ ឬ ទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។
ប្រភព៖ក្រសួងព័ត៌មាន