ភ្នំពេញៈ ខណ្ឌច្បារអំពៅ ដែលបានបំបែកចេញពីខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននិងកំពុងទាក់ទាញគំរោងវិនិយោគជាច្រើន លើវិស័យលំនៅដ្ឋាន រួមមានបុរី សំណង់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា។
អគ្គនាយកក្រុមហ៊ុនភ្នាក់អចលនទ្រព្យ EASY Property Investment លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឲ្យដឹងថា ខណ្ឌច្បារអំពៅមានលក្ខណៈពិសេសជាច្រើន ដែលជួយជម្រុញឱ្យមានសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បើធៀបទៅនឹងបណ្តាខណ្ឌមួយចំនួនទៀត ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ។
បច្ចុប្បន្នគំរោងផ្សារបែបសហគមន៍មួយចំនួន បានរីករាយភាយទៅកាន់តំបន់នេះ ដូចជាផ្សារសហគមន៍ The Park, ផ្សារសហគមន៍បឹងស្នោ (ទល់មុខបុរីប៉េង ហួត) ផ្សារទំនើប Peng Hourt Ecomall និងគំរោងជាច្រើនទៀត ដែលនឹងលេចរូបរាងនាពេលខាងមុខ។
លោកបញ្ញាបានបញ្ជាក់ថា សម្រាប់តែតំបន់បឹងស្នោ គម្រោងអភិវឌ្ឍន៍អាគារខ្ពស់ៗមានមិនក្រោម ១០គម្រោងនោះទេ ដែលមិនទាន់រាប់បញ្ចូលពីគម្រោងបង្កើតក្រុងថ្មី របស់ក្រុមហ៊ុន OCIC នៅឡើយនោះទេ។ គ្រប់គម្រោងទាំងអស់នេះហើយ ដែលជម្រុញ ឱ្យតម្លៃដីនៅក្នុងខណ្ឌច្បារអំពៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសតំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ រហូតនៅទីតាំងខ្លះត្រូវបានម្ចាស់ដី ដាក់លក់នៅលើទីផ្សារក្នុងតម្លៃចាប់ពី២០០០- ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ចំណែកនាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “ភូមិសាស្ត្ររបស់ខណ្ឌច្បារអំពៅ មានភាពល្អប្រសើ រជាងខណ្ឌមួយចំនួនទៀតដែលនៅជុំវិញក្រុង ដោយសារតែវាស្ថិតនៅជិតក្រុងជាងគេ។
លោកស្រីបានបញ្ជាក់ថា “វត្តមាននៃសំណង់អាគារ និងគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ដែលកំពុងមានពេលនេះ បានបង្ហាញពីសក្ដានុពលរួចទៅហើយ ប៉ុន្តែទាំងអស់នេះនៅមិនទាន់ដល់កម្រិតនៅឡើយនោះទេ ប៉ុន្តែអ្វីដែលជាឧបសគ្គក្នុងការអភិវឌ្ឍន៍នៅក្នុងខណ្ឌនេះ គឺហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវថ្នល់ ស្ពាន សម្រាប់ចរាចរណ៍” ។
លោកស្រីបន្តថា “បច្ចុប្បន្ននេះយើងឃើញមានតែស្ពានចំនួន២ សម្រាប់តភ្ជាប់ខណ្ឌច្បារអំពៅ និងរាជធានីភ្នំពេញ ហើយស្ពានមួយខ្សែទៀតតភ្ជាប់ជាមួយក្រុងតាខ្មៅ។ លោកស្រីបន្តថា “ប្រសិនបើមានហេដ្ឋារចនាសម្ព័ន្ធច្រើនជាងនេះ ឬមានស្ពានថ្មី ដូចជាស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុងនរាហ៍ របស់ក្រុមហ៊ុន OCIC ខ្ញុំជឿថា ល្បឿននៃការអភិវឌ្ឍន៍នឹងលឿនជាងពេលនេះ ជាពិសេសវត្តមាននៃគម្រោងអគារធំៗ និងខ្ពស់ៗដែលបម្រើដល់វិស័យពាណិជ្ជកម្មនឹងកើតមានច្រើនជាក់ជាមិនខាន” ៕
ដោយ៖ បូ សល់