ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែវិឆ្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកមានករណីវិជ្ជមាននៃមេរោគកូវីដ-១៩ថ្មី ចំនួន០៤ នាក់បន្ថែម ដែលក្នុងនោះមានកុមារាជនជាតិខ្មែរ អាយុ ៣ឆ្នាំម្នាក់ទៀតផង។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថាសម្រាប់អ្នកដែលមានករណីវិជ្ជមាននៃមេរោគកូវីដ-១៩ថ្មីទាំង០៤នាក់នោះគឺសុទ្ធសឹងជាអ្នកដែលរស់នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ហើយអ្នកដែលក្រសួងសុខាភិបាលបានរកឃើញថាមានករណីវិជ្ជមាននោះ៖
-បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានអាសយដ្ឋាន នៅបូរីលឹម ឈាងហាក់ សង្កាត់វាលស្បូវខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកហាងលក់កំព្យូទ័រឈ្មោះ ឌីមកំព្យូទ័រ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ ២៣ ឆ្នាំដែលរកមានករណីវិជ្ជមានកូវីដ-១៩។
-ស្រ្ដីជនជាតិខ្មែរ អាយុ៣២ ឆ្នាំ ជាភរិយាបុរសអាយុ ៣៥ ឆ្នាំខាងលើ ដែលមានអាសយដ្ឋាន នៅបូរីលឹម ឈាងហាក់ សង្កាត់វាលស្បូវខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
-កុមារាជនជាតិខ្មែរ អាយុ ០៣ឆ្នាំ ត្រូវជាកូនប្រុសរបស់បុរសអាយុ ៣៥ឆ្នាំ និងស្រ្ដីអាយុ ៣២ឆ្នាំ ខាងលើ ដែលស្នាក់នៅជាមួយគ្នា។
-បុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ ដែលមានអាសយដ្ឋាន នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជាស្រ្ដីអាយុ ២១ឆ្នាំ។
គួរជម្រាបដែរថា គិតព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាមានៈ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ៣០៤ នាក់ (ស្មើនឹង៩៣.២៥%) ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប៣៣៥ នាក់ (ស្រ្ដី ៧៦នាក់ និងបុរស២៥៩នាក់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំនួន២៦នាក់ (ស្រ្ដី១២នាក់ និងបុរស១៤នាក់) ព្រមទាំងអ្នកសម្រាកព្យបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញចំនួន ៥នាក់ (ស្ត្រី០៣នាក់ និងបុរស០២នាក់) ៕
អត្ថបទ៖ ស្រេង ចំរើន