សូកូឡាមានប្រយោជន៍ជាច្រើនចំពោះសុខភាព ផលប្រយោជន៍ទាំង នេះ បានមកពី flavonoid ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មការពាររាងកាយអ្នកពីភាពចាស់ដែលបង្កឡើងដោយរ៉ាឌីកាល់សេរី ដែលអាចបង្ករការបំផ្លាញដែលនាំឲ្យមានជំងឺបេះដូង។ សូកូឡាខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម (ប្រហែល ៨ដងនៃចំនួនដែលមានក្នុង ផ្លែស្រ្តប៊េរី)។ Flavonoids ក៏អាចជួយសម្រួលសម្ពោធឈាមតាមរយៈការផលិតនៃ nitro oxide និងជួយលំនឹងអរម៉ូនក្នុងរាងកាយ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃសូកូឡាខ្មៅ (Dark Chocolate) ចំពោះសុខភាព៖
១. បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាល៖ មានមនុស្សជាច្រើនជឿថា សូកូឡាខ្មៅ មិនល្អសម្រាប់បេះដូងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ការទទួលទាន សូកូឡាខ្មៅ ក្នុងបរិមាណតិចតួច មានផលល្អចំពោះសុខភាពរបស់អ្នក។ បើយោងតាមការសិក្សាមួយ ដែលចុះផ្សាយ ពីការស្រាវជ្រាវអាហារបរិភោគ បានឲ្យដឹងថា សូកូឡាខ្មៅមួយដុំតូច មានផ្ទុកនូវជាតិកាកាវ មិនតិចជាង ៧០% នោះទេ។ ជាពិសេសនោះ កាកាវ ជួយកាត់បន្ថយហានិភ័យ នៃជំងឺបេះដូងរបស់អ្នក ក៏ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។
២. ជួយពង្រឹងប្រព័ន្ធខួរក្បាល៖ សូកូឡាខ្មៅ សម្បូរទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម ដែលជួយជម្រុញប្រព័ន្ធ ខួរក្បាលរបស់អ្នក និង ការពារការភ្លេចភ្លាំង។ ទោះជាយ៉ាងណា វាមិនមែនមានន័យថា អ្នកគួរតែបរិភោគ វារាល់ថ្ងៃនោះទេ អ្នកគួរតែទទួលទាន ត្រឹមតែ ១ ទៅ ២ដុំតូចៗនៃសូកូឡាខ្មៅ ក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ដើម្បីឲ្យមុខងារ នៃខួរក្បាលប្រសើរឡើង។
៣. ជួយបង្កើនកូឡេស្តេរ៉លល្អ៖ សូកូឡាខ្មៅ មិនមែនជាការព្យាបាល កូឡេស្តេរ៉លទេ តែវាបានបញ្ចូលសារធាតុរបស់វា ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដែលអាចជួយបង្កើនកម្រិតកូឡេស្តេរ៉លល្អ នៅក្នុងរាងកាយរបស់អ្នក។
៤. ជួយបន្ថយសម្ពាធឈាមខ្ពស់៖ សូកូឡាខ្មៅ មានលាយផ្សំជាមួយនឹង ជាតិកាកាវច្រើន រហូតដល់ទៅ ៧០% ដូច្នេះហើយ ទើបអ្នកគួរសាកល្បងទទួលទាន សូកូឡាខ្មៅ ដើម្បីជួយរក្សាសម្ពាធឈាម ឲ្យមានតុល្យភាព តែត្រូវចាំថា អ្នកបានទទួលទាន នៅក្នុងកម្រិតដែលត្រឹមត្រូវ ដែលអ្នកអាចទទួល ២-៣ ដង ក្នុងមួយសប្ដាហ៍។
៥. សូកូឡាខ្មៅ អាចជួយក្នុង ការប្រយុទ្ធប្រឆាំង នឹងរ៉ាឌីកាល់សេរី៖ ការសិក្សាបានបង្ហាញថា ការញាំ សូកូឡាខ្មៅ អាចជួយក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបង្កឲ្យមាន ភាពចាស់មុនអាយុ និងជំងឺមួយចំនួនរួមមាន ជំងឺបេះដូង, ជំងឺភ្លេចភ្លាំង និងជំងឺមហារីក។ វាក៏អាចជួយរក្សា កោសិការបស់អ្នក ឲ្យមានសុខភាពល្អ។ ផ្ទុយមកវិញ ការញ៉ាំសូកូឡាច្រើនពេក ក៏អាចនាំឲ្យ មានផលប៉ះពាល់ ធ្ងន់ធ្ងរមួយចំនួន ចំពោះសុខភាពផងដែរ។
៦. ជួយក្នុងការប្រយុទ្ធ ប្រឆាំងនឹងភាពតានតឹង៖ សូកូឡាខ្មៅ គឺជាប្រភពដ៏ល្អ នៃម៉ាញ៉េស្យូម ដែលជួយក្នុងការប្រយុទ្ធប្រឆាំង នឹងភាពអស់កម្លាំង និងបន្ថយកម្រិតស្ត្រេសរបស់អ្នក។ ពេលដែលអ្នក មានអារម្មណ៍ថាអស់កម្លាំង អ្នកប្រាកដជានឹកដល់របស់ដែលមាន រសជាតិផ្អែម។ បែបនេះហើយអ្នកអាចទទួលទាន សូកូឡាខ្មៅ ឬ បង្អែមដើម្បីកាត់បន្ថយភាពអស់កម្លាំង, ភាពតានតឹង និងបង្កើនអារម្មណ៍ស្រស់ស្រាយឡើងវិញ។
៧. សូកូឡាខ្មៅ ល្អសម្រាប់ស្បែករបស់អ្នក៖ មានដឹងទេ ថាការទទួលទានសូកូឡាខ្មៅ ក្នុងបរិមាណត្រឹមត្រូវ មានសារ:ប្រយោជន៍ ចំពោះស្បែករបស់អ្នក ពីព្រោះវាមិនបណ្ដាលឲ្យកើតមុន។ ជាងនេះ សូកូឡាខ្មៅ សម្បូរទៅដោយសារជាតិ ប្រឆាំងអុកស៊ីតកម្ម ជួយការពារភាពជ្រីវជ្រួញ ហើយធ្វើឲ្យស្បែករលោង និងមានសុខភាពល្អ។ តែទោះយ៉ាងណា ការប្រើប្រាស់ ហួសកំរិត នៃសូកូឡាខ្មៅ ក៏អាចបណ្តាលឲ្យកើតមុនដូចគ្នា។
សូកូឡាមានផ្ទុកជាតិស្ករ និងខ្លាញ់ ដែលនឹងផ្ដល់ផលប៉ះពាល់ នៅពេលដែលអ្នកបរិភោគ ច្រើនពេក។ ហេតុនេះហើយ អ្នកគួរតែ កំណត់នូវបរិមាណ ឲ្យបានត្រឹមត្រូវ សម្រាប់ការទទួលទាន សូកូឡាខ្មៅ វានឹងផ្ដល់អត្ថប្រយោជន៍មិនគួរឲ្យជឿ៕
ដោយ៖ អាពេជ្រ