ព្រៃវែង៖ ប្រាសាទចុងស្រុកមានទីតាំងស្ថិតនៅភូមិចុងស្រុក ឃុំចុងស្រុក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានចំងាយប្រហែល ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។ ប្រាសាទនេះមានបន្សល់នូវប្រាសាទមួយទ្រុឌទ្រោមបាក់បែកធ្វើអំពីឥដ្ឋ និង ថ្មភក់ កសាងឡើងនៅសតវត្សទី៧។ ប្រាសាទនេះមានទីតាំងនៅលើដីទួលខ្ពស់មួយ ដែលដុះព័ទ្ធជុំវិញទៅដោយចំការត្នោត និងដើមគគី។ នៅក្នុងប្រាសាទនេះគេឃើញមាននៅសល់រូបព្រះគោមួយអង្គធ្វើអំពីថ្មភក់ ជាប្រភេទពោធិសាត់មួយដ៏មានអំណាចខ្លាំងពូកែនាសម័យនោះដែរ។
ប្រាសាទចុងស្រុក (អ្នកស្រុកហៅព្រៃដើមស្រុក ឬប្រធាតុ) ស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ប្រាសាទដ៏ចំណាស់មួយនេះ ធ្លាប់មានរឿងរ៉ាវចម្លែកជាច្រើនកើតឡើង ប៉ុន្តែមិនសូវមានអ្នកបានដឹង បានស្គាល់ឡើយ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងសភាពស្ងាត់ជ្រងំនៅថ្ងៃធម្មតា និងមានមនុស្សមួយចំនួនតូចបានទៅលេងនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ។
ប្រាសាទចុងស្រុក មានចម្ងាយប្រហែល ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។ ប្រាសាទនេះមានសភាពទ្រុឌទ្រោម បាក់បែក ធ្វើពីឥដ្ឋ និង ថ្មភក់ កសាងឡើងនៅសតវត្យរ៍ទី៧។ មានសមិទ្ធផលមួយចំនួន បានកសាងឡើងនៅទីនេះ ក្រោមការគ្រប់គ្រងរបស់ក្រសួងពាក់ព័ន្ធ និងមានបុរសចំណាស់ម្នាក់នៅមើលការខុសត្រូវ។
លោកតា ធី ដែលនៅមើលថែប្រាសាទចុងស្រុក បានឱ្យដឹងថា ដំបូងឡើយគ្មានអ្នកស្គាល់ប្រាសាទនេះទេ ហើយអ្នកបានឃើញតួប្រាសាទបែរនាំគ្នាគិតថាជាចេតិយទៅវិញ។ មនុស្សជាច្រើនបាននាំគ្នាយកសាកសព ទៅកប់ជុំវិញប្រាសាទ ព្រោះគិតថាជាកន្លែងកប់ខ្មោច។ នៅអំឡុងទសវត្សឆ្នាំ៩០ ប្អូនប្រុសរបស់លោក ដែលជឿជាក់លើតំបន់នេះថាស័ក្ដិសិទ្ធិ បានហៅលោកឲ្យមើលថែ រួចចាប់ផ្ដើមកសាងសមិទ្ធផលនានា និងហាមឃាត់លែងឲ្យគេកប់ខ្មោចតទៅទៀត។
លោកតា ធី បានបន្តថា ធ្លាប់មានរឿងរ៉ាវចម្លែកជាច្រើនបានកើតឡើងនៅប្រាសាទចុងស្រុកនេះ។ កាលអំឡុងឆ្នាំ២០០១ ពេលដែលកសាងសមិទ្ធផលបានមួយចំនួន លោកបានរៀបចំពិធីបុណ្យធំមួយ ដោយមានអ្នកស្រុកចូលរួមយ៉ាងច្រើន។ ពេលនោះ មានអភូតហេតុចម្លែកកើតឡើង គឺម៉ាស៊ីនភ្លើងដែលកំពុងឆេះស្រួល បែរជារកកល់ចង់រលត់ ឯមេឃប្រែជាខ្មៅខ្លាំង ហើយមានសំឡេងស្រែកហ៊ោ យ៉ាងកងរំពងចេញពីក្នុងប្រាសាទនោះ។
ហើយអ្នកស្រុកគ្រប់គ្នា បានមើលឃើញដងទង់ជាច្រើនមានពន្លឺហោះមកជិតស្រះទឹក ធៀបដូចជាគេលើកទ័ពមកចូលរួមកម្មវិធីបុណ្យ សែនព្រេងដែលអ្នកភូមិរៀបចំនោះ តែមួយសន្ទុះធំក្រោយទើបប្រែមកជាធម្មតាវិញ។ ដោយសារលោកតាគិតថាមានព្រលឹងនៅវិលវល់ជុំវិញប្រាសាទនេះច្រើន ទើបសម្រេចចិត្តកសាងរូបសំពៅមួយ នៅទល់មុខប្រាសាទ ដើម្បីចម្លងព្រលឹងទាំងនោះឱ្យបានទៅចាប់ជាតិ។ សព្វថ្ងៃ រូបសំពៅនោះ បានក្លាយជាកន្លែងបន់ស្រន់របស់អ្នកស្រុកផងដែរ។
លោកតា ធី បានរៀបរាប់បន្ថទៀតថា ប្រាសាទចុងស្រុក គឺមានបារមីគ្រងថែរក្សា ព្រោះល្បីថា កាលសម័យសង្គ្រាម មានគេចង់កម្ទេចប្រាសាទនេះចោល តែកម្ទេចមិនបាន។ ពេលនោះ គេបានព្យាយាមកាត់ដើមឈើធំមួយ ឲ្យរលំទៅលើប្រាសាទ ប៉ុន្តែរៀបនឹងរលំ បែរជាមានប្រចៀវមួយហ្វូងធំ ហើរជុំវិញដើមឈើ ៣ជុំ ធ្វើឲ្យដើមឈើនោះ ប្ដូរទិសរលំខុសប្រាង្គប្រាសាទវិញ ហើយអ្នកដែលព្យាយាមកម្ទេចប្រាសាទនោះ ក៏ត្រូវហ្វូងប្រចៀវហើរទៅខាំរហូតដល់ស្លាប់នៅនឹងកន្លែង ដែលធ្វើឱ្យអ្នកភូមិមានជំនឿលើប្រាសាទនេះយ៉ាងខ្លាំង ហើយនាំគ្នាមកធ្វើបុណ្យនិមត្តិព្រះសង្ឃសូត្រមន្ដរៀងរាល់ថ្ងៃសីល និងពិធីបុណ្យធំៗរបស់ខ្មែរយើង។
សូមជម្រាបដែរ សមិទ្ធផលទាំងអស់នៅប្រាសាទចុងស្រុក បានមកពីការជួយឧបត្ថម្ភរបស់អ្នកមានជំនឿ និងអ្នកមានចិត្តបុណ្យជួយ។ លោកតា ធី បានបន្ដថា កាលពីប៉ុន្មានឆ្នាំមុន មានអ្នកបួសម្នាក់បានដើរតាំងពីភ្នំឧត្តុង្គទៅសុំសម្រាកនៅប្រាសាទចុងស្រុក ហើយពេលនោះ លោកតាបាននិយាយទៅកាន់អ្នកបួសដែលសុំសម្រាកនោះថា គាត់ចង់ស្ដារស្រះទឹក២ មុខប្រាសាទនេះចេញ ហើយរៀបចំស្រះនោះឱ្យបានស្អាត តែពេលនោះអ្នកបួសដែលមកសុំស្នាក់នៅក៏មិនបានឆ្លើយតបអ្វីជាមួយលោកតាដែរ គ្រាន់តែញញឹមហើយក៏ដើរចេញទៅ។ ប៉ុន្ដែក្រោយពេលដែលអ្នកបួកនោះលាចាកសិក្ខាបទ អ្នកបួសនោះក៏បានទៅជួយស្ដារស្រះទឹកទាំង២ ហើយរៀបចំឱ្យបានស្អាត ដែលធ្វើឲ្យលោកតា នឹងស្មានមិនដល់ថាអ្នកបួសដែលមកសុំស្នាក់អាស្រ័យនេះជាអ្នកមានយ៉ាងនេះឡើយ៕
អត្ថបទដោយ៖ ស្រេង ចំរើន