សហគមន៍អេកូទេសចរ ណ៍កោះសាមសិបខេត្តក្រចេះងាកមកផ្លាស់ប្តូរទម្លាប់ថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរពីការចម្លងនៃជំងឺដ៏កាចសាហាវមួយនេះ ។
លោក ឃុត សំអុល ប្រធានសហគមន៍អេកូទេសចរណ៍កោះសាមសិបក្នុងខេត្តក្រចេះ បានមានប្រសាសន៍ថា ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុង អំឡុងពេលវិបត្តិនៃជំងឺកូវីដ- ១៩ ជាពិសេសបានបង្កើនទំនុកចិត្តជូនភ្ញៀវទេសចរវិញនោះ ទើបសហគមន៍មានការរៀបចំកាត់បន្ថយចំនួនភ្ញៀវទេសចរ ដែលជិះទូកឆ្លងកាត់ក៏ដូចជាជិះរថយន្ត ការណែនាំអំពីវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ស៊ើបសួរប្រវត្តិទីតាំងរស់នៅរបស់ភ្ញៀវ ដើម្បីទប់ស្កាត់កុំឱ្យមានឆ្លងចូលក្នុងតំបន់ ។
លោកបានបន្ថែមថា សហ គមន៍អេកូទេសចរណ៍កោះសាមសិប ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៨ ដូច្នេះសង្ឃឹមថាភ្ញៀវក្នុងស្រុកទាំង អស់មុនពេលដែលមកទស្សនាសហគមន៍អេកូទេសចរណ៍កោះសាមសិប សូមធ្វើការទំនាក់ទំនងមកខាងសហគមន៍ជាមុនសិនដើម្បីឱ្យភ្ញៀវទេសចរទាំងអស់មានភាពកក់ក្ដៅសម្រាប់ដំណើរកម្សាន្តនៅក្នុងសហគមន៍មួយនេះ ជាពិសេសជៀសវាងជួបនូវគ្រោះថ្នាក់ជាយថាហេតុណាមួយ ។
សូមបញ្ជាក់ថា អេកូទេស ចរណ៍កោះសាមសិប គឺជាទីឋានដ៏ស្រស់ត្រកាលប្រៀបដូចឋានសួគ៌ក្រោមមេឃ ដែលមានធម្មជាតិដ៏វិសេស គ្របដណ្ដប់ដោយព្រៃឈើបៃតងខ្ចី មានវាលខ្សាច់ស ក្បុសនារដូវប្រាំង ព្រមទាំងមានទេសភាពដ៏ស្រស់ត្រកាល ដែលអាចទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តម្ដងហើយ ចង់មកម្តងទៀត ៕
ប្រភព៖ ក្រសួងព័ត៌មាន