ភ្នំពេញៈ ក្រុមហ៊ុន Maserati ដែលជាអ្នកផលិតរថយន្តប្រណីតៗ និងមូលដ្ឋាននៅប្រទេសអ៊ីតាលី ប្រកាសឈានជើងចូលមកទីផ្សារកម្ពុជា ហើយមានមហិច្ឆតាប្រែក្លាយជាអ្នកផ្គត់ផ្គង់រថយន្តប្រណីត លំដាប់ពិភពលោកនៅទីផ្សារកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន នៅរសៀលថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។
ការតាំងបង្ហាញរថយន្ត Maserati របស់ក្រុមហ៊ុន HGB Group ត្រូវបានធ្វើឡើងនៅទីតាំងដែលមានភាពឆើតឆាយ និងលេចធ្លោជាងគេនៅរាជធានីភ្នំពេញ សម្រាប់ស្វាគមន៍អតិថិជនរបស់ Maserati នៅកម្ពុជា។
លោក Davide Grasso នាយកប្រតិបត្តិក្រុមហ៊ុន Maserati បានថ្លែងថា “ក្រុមហ៊ុនMaserati បាននឹងកំពុងបង្កើតវត្តមានរបស់ខ្លួន យ៉ាងសកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ” ។
លោកបានថ្លែងទៀតថា “យើងមានដៃគូរួចហើយនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងឥណ្ឌូនេស៊ី” ។ លោកបន្តថា “ប្រទេសកម្ពុជា គឺជាទីផ្សារដែលមានសក្តានុពលមួយ សម្រាប់កំណើន Maseratiនៅអាស៊ីអាគ្នេយ៍ ហើយយើងរីករាយ ដែលមានក្រុមហ៊ុន HGB Group ជាដៃគូ ដើម្បីពង្រឹងតួនាទីរបស់យើងជាម៉ាករថយន្តប្រណីត” ៕
ដោយ៖ បូ សល់